(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ១កន្លែងទៀត ដែលលួចបើកដំណើរការអាជីវកម្ម និងការជួបជុំផឹកស៉ី ហើយឈានដល់ការឃាត់ខ្លួនមនុស្សចំនួន៦៨នាក់ ជាមួយវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើង ក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់បង្ក្រាបក្លឹបកម្សាន្ត «បាត់អូន» និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី និងម្ចាស់ទីតាំងសរុបចំនួន៣០នាក់ ដើម្បីពិនិត្យធ្វើតេស្ដយកសំណាករកវីរូសកូវីដ១៩។

ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពីសំណាក់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ស្ថិតនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ផ្ទះលេខ០៧ ផ្លូវលេខ១១៨ កែងផ្លូវលេខ២១៥ ក្រុមទី៣៦ ភូមិទី៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នាវេលាម៉ោង២១៖៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦៨នាក់ ជាមួយវត្ថុតាងមួយចំនួន ដោយសារទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» មិនគោរពវិធានការរដ្ឋបាល ស្ដីពីការបន្តដាក់ចេញវិធានការរដ្ឋបាលដោយ ផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក ជា ពិសី បញ្ជាក់ថា នៅក្នុងទំហ៊ំប្រតិបត្តិការបង្ក្រាបនេះ កម្លាំងចម្រុះបានចុះមកដល់ទីតាំង និងបានរកឃើញជាក់ស្ដែងថា មានការជួបជុំផឹកស៊ីនៅក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេឌីអឹម «DM» ចំនួន៣បន្ទប់ (បន្ទប់ខារ៉ាអូខេ) ជាន់ទី៣ និង១បន្ទប់ទៀត នៅជាន់ទី៥ (បន្ទប់ខារ៉ាអូខេ) ហើយ១បន្ទប់ទៀត នៅជាន់ទី៦ ដែលមានភ្ញៀវ ចំនួន០១តុ។

អភិបាលខណ្ឌទួលគោក បានបន្តថា ក្រៅពីឃាត់ខ្លួនភ្ញៀវ ចំនួន១៧នាក់ (ស្រី២នាក់) បុគ្គលិកចំនួន៥០នាក់ (ស្រី៤៣នាក់) និងមេការជាអ្នកគិតលុយប្រុសម្នាក់ សរុប៦៨នាក់ កម្លាំងក៏បានដកហូតយកវត្ថុតាង រួមមាន៖ ក្បាលកាមេរ៉ាសុវត្ថិភាព (VDR) ចំនួន២គ្រឿង និងឈានដល់ការសម្រេចបិទទីតាំងជាបណ្តោះអាសន្ន។ សម្រាប់មនុស្សទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

គួររម្លឹកផងដែរថា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក៏បានឆ្មក់បង្ក្រាបក្លឹបកម្សាន្ត «បាត់អូន» មួយកន្លែងផងដែរ និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី និងម្ចាស់ទីតាំង សរុបចំនួន៣០នាក់ ដើម្បីពិនិត្យធ្វើតេស្ដយកសំណាករកវីរូសកូវីដ១៩ ពីសំណាក់ក្រុមគ្រូពេទ្យ ក្រោយពីបានរកឃើញ ថាបានលួចបើកបំពាន ចំពោះសកម្មភាពមុខរបរមានហានិភ័យខ្ពស់ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ នៃសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល។

នៅក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ដ «បាត់អូន» នេះបានអនុវត្តឡើង ក្រោមការដឹកនាំដោយលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការចូលរួមពីលោក ទៀវ សំអឿន អភិបាលរងខណ្ឌ, អធិការនគរបាលខណ្ឌ, អាវុធហត្ថខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យជុំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បើតាមការបញ្ជាក់របស់លោក ជា ពិសី នៅក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្លឹបកម្សាន្ដ ដែលបានលួចបើកដំណើរបំពាន ចំពោះសកម្មភាពមុខរបរមានហានិភ័យខ្ពស់ ក្នុងកំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ នៃសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសម្រេចធ្វើកំណត់ហេតុបិទសៀលឃ្លុំបេរក្លឹបកម្សាន្ដ «បាត់អូន» នេះជាបណ្ដោះអាសន្ន ក្រោយពីបានឃាត់ខ្លួនម្ចាស់ទីតាំង និងមនុស្សប្រុសស្រី សរុបចំនួន៣០នាក់ ដើម្បីពិនិត្យធ្វើតេស្ដយកសំណាករកមេរោគកូវីដ១៩ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់៕