(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ចំនួន៧៤គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកបន្ទាយមាស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។ ពិធីប្រគល់អំណោយនេះ បានធ្វើឡើង ក្នុងបរិវេណវត្តពោធិ៍ធំភ្នំល្ងៀង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មានទុក្ខលំបាក ហើយគ្មានអាជ្ញាធរណាគិតគូរនោះទេ។

ជាក់ស្តែងក្រោយពេលទទួលបានដំណឹងភ្លាម តាមការចង្អុលបង្ហាញ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតទ្រព្យសម្បតិ្ត ផ្ទះសំបែងនាពេលនេះ។

ទន្ទឹមនេះលោក ម៉ៅ ធនិន ក៏បានសំដែងនូវការសោកស្តាយបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ទាំង៧៤គ្រួសារខាងលើនេះផងដែរ។

គួរបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋរងគ្រោះ ទាំង៧៤គ្រួសារខាងលើរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ម៉ាស់ក្រណាត់ ១០ម៉ាស់។ ចំពោះគ្រួសារដែលប៉ះពាល់ធ្ងន់ធ្ងរ ចំនួន ១១គ្រួសារ ទទួលបានថវិកាមួយគ្រួសារ ២០ម៉ឺនរៀល និងតង់មួយ, គ្រួសារប៉ះពាល់មធ្យម ចំនួន ១៧គ្រួសារ ទទួលបានថវិកា ក្នុង១គ្រួសារ ១០ម៉ឺនរៀល និងគ្រួសារប៉ះពាល់ស្រាលចំនួន ៤៦គ្រួសារ ទទួលបានថវិកា ក្នុង១គ្រួសារ ៥ម៉ឺនរៀល ផងដែរ៕