Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាក្លាយជាប្រទេសមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិ និងមានរដ្ឋាភិបាលមួយដែលទទួលខុសត្រូវ (Video inside)

23-10-2021 14:19

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ កម្ពុជាបានក្លាយទៅជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិ ដោយស្មើមុខស្មើសិទ្ធិ និងមានរដ្ឋាភិបាលមួយដែលទទួលខុសត្រូវយ៉ាងពេញលេញចំពោះពលរដ្ឋរបស់ខ្លួន ក្នុងការកសាងអនាគតប្រកបដោយសន្តិភាព ស្ថិរភាព ភាពថ្លៃថ្នូរ និងការអភិវឌ្ឍ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាស លោកអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជាហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅវិមានសន្តិភាព ដែលពិធីនេះមានការចូលរួមពីតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បន្ថែមថា កម្ពុជាបានកំណត់យ៉ាងជាក់ច្បាស់ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន លើកតម្កើង និងការពារគុណតម្លៃ ផលប្រយោជន៍ និងគោលនយោបាយជាតិ និងអន្តរជាតិ ហើយកម្ពុជានឹងប្រកាន់ខ្ជាប់ និងការពារជាដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យ អព្យាក្រឹត្យភាពអចិន្រ្តៃយ៍ និងបូរណភាពទឹកដី ព្រមទាំងប្តេជ្ញាយ៉ាងមុះមុតក្នុងការបំពេញរាល់កាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងតំបន់ ក៏ដូចជានៅលើសកលលោកផងដែរ។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹម ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ទម្រាំទទួលបាន សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ ដោយមានអាមេរិកជាបង្អែក កម្ពុជាក៏បានរអិលជើងធ្លាក់ក្នុងវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។ កម្ពុជាត្រូវចំណាយពេលជិត៣ទសវត្សរ៍នៅក្នុងជម្លោះ និងភ្លើងសង្គ្រាមនេ រហូតដល់ចុងឆ្នាំ១៩៨៧ ទើបមានជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅប្រទេសបារាំង ដើម្បីបើកការជជែកគ្នារកដំណោះស្រាយលើជម្លោះទាំងនេះ។

ផ្តើមចេញពីជំនួបលើកទី១នេះ ក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេសគឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេសជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។

កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មានការចូលរួមចុះហត្ថលេខាដឹងឮ ពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀត រួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការដឹងគុណជាថ្មីម្តងទៀត ចំពោះប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដែលជារបត់ជាប្រវត្តិសាស្ត្រ កាលពី៣០ឆ្នាំមុន៕