(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ ម៉ៅ តារា បានប្រាប់ Fresh News មុននេះថា នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ អគ្គិភ័យកំពុងឆេះតូបលក់ដូរយ៉ាងសន្ធោសន្ធៅនៅផ្សារស្ទឹងត្រែង ទីរួមខេត្តស្ទឹងត្រែង។

លោកស្នងការបានបញ្ជាក់ថា នៅពេលកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួយអន្តរាគមន៍ជួយបាញ់ពន្លត់។

ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង លោក គឹម ស្រេង ដែលកំពុងស្ថិតនៅកន្លែងអគ្គិភ័យដ៏ខ្លាំងនេះ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ដោយសារតែភ្លើងឆេះខ្លាំងពេក ដូច្នេះតូបលក់ដូរនៅក្នុងផ្សារត្រូវឆេះបំផ្លាញគ្មានសល់។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ ម៉ៅ តារា បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១១៖៥៥នាទីយប់ថ្ងៃនេះ អគ្គិភ័យបានថមថយ ប្រមាណ ៥០ទៅ៦០ភាគរយប៉ុណ្ណោះ ហើយអ្វីដែលយើងមានការព្រួបារម្ភនោះ គឺខ្លាចភ្លើងឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារតែម្តង។

លោកស្នងការ បានបន្តទៀតថា ក្រោមបទបញ្ជារបស់អគ្គស្នងការស្នងការ គឺខាងស្នងការខេត្តក្រចេះ ​និងស្នងការខេត្តរតនគិរី បាននិងកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ពួកគេ ចេញមកជួយអន្តរាគមន៍ផងដែរ ខណៈដែលរថយន្តពន្លត់អគ្គិភ័យរបស់លោក ចំនួន៣គ្រឿងបានប្រើអស់ហើយ។

សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ ត្រូវបានលោកស្នងការសន្និដ្ឋានថា មកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្សារ។ យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងសហការគ្នាដោយអាអិច ទៅកាយកាត់កុំឲ្យភ្លើងឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ​នៅក្បែរនោះ៕

 

Posted by Sorn Sopheak on Thursday, April 7, 2016