(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសម្តែងនូវមោទនភាព និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ក្តីអនុគ្រោះជាពិសេស ដល់មន្ត្រីរាជការដែលជាជនពិការ ដែលអាចចាប់ផ្តើម និងចេញពីធ្វើការ មុននិង/ឬក្រោយម៉ោង កំណត់នៃការងារក្នុង ១ថ្ងៃ មិនឲ្យលើសពី១ម៉ោង តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជ ការសុីវិលនិងមន្ត្រីរាជការកិច្ចសន្យា ដែលនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់បន្ថែមទៀត របស់រាជរដ្ឋាភិបាល និងក៏ជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលជាជនពិការឲ្យខិតខំបំពេញភារកិច្ចដែលរដ្ឋបានប្រគល់ជូន។
ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងចំពោះស្ត្រីពិការ» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី ដែល ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផារី រដ្ឋមន្ត្រីនិងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី។
លោក ឯម ច័ន្ទមករា បានស្នើដល់ក្រសួងកិច្ចការនារី ចូលរួមអនុវត្តនិងដាក់បញ្ចូលទិសដៅ ជាយុទ្ធសាស្ត្រទី៩ នៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ បញ្ជៀប ទៅក្នុងផែនការសកម្មភាពរបស់ក្រសួងកិច្ចការនារី ក៏ដូចជាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
លោកអគ្គលេខាធិការ បានថ្លែងទៀតថាស្រ្តីនិងកុមារីពិការ គួរត្រូវបានយកចិត្តទុកដាក់មានភាពស្មើគ្នា និងពេញលេញដូចសិទ្ធិមនុស្សនិងសេរីភាពជាសារវន្តតាមរយៈ ការអនុវត្តគោលនយោបាយផ្សេងៗទាក់ទងនឹងស្ត្រីនិងកុមារីពិការ។
លោកអគ្គលេខាធិការ ក៏បានស្នើឲ្យមាន ការគិតគូរឲ្យមានអ្នកតំណាងស្ត្រីពិការ ដែលមានសមត្ថភាពនៅក្នុងស្ថាប័ន ធ្វើការសម្រេចចិត្តនៃរាជរដ្ឋាភិបាល និងធ្វើឲ្យស្ត្រីពិការទទួលបានការអភិវឌ្ឍន៍ វឌ្ឍនភាព និងការផ្តល់សិទ្ធិអំណាចឲ្យបានពេញលេញ ដើម្បីធានាឲ្យស្ត្រីនិងកុមារីទទួលបាន នូវសិទ្ធិនិងសេរីភាពជា សារវន្ត តាមរយៈការផ្តល់អាទិភាពដល់ស្រ្តីពិការទៅ ក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល។
លោក ឯម ច័ន្ទមករា ក៏បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់លើកកម្ពស់ស្ត្រីនិង យុវតីពិការ ឲ្យមានសិទ្ធិនិងឱកាសទទួលបាន សេវាសុខភាពផ្លូវភេទ និងបន្តពូជនៅលើមូលដ្ឋានសមធម៌មួយជាមួយស្ត្រីនិង យុវតីដែលមិនពិការ និងធានាដល់ការផ្តល់ប្រាក់ បៀវត្សរ៍ចំពោះស្រ្តីពិការឲ្យបានស្មើគ្នា និង ឱកាសការងារដូចគ្នាតាមរយៈការលើក កម្ពស់សិទ្ធិរបស់ស្រ្តី៕