(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់អំពីភាពស្របច្បាប់ របស់ក្រុមហ៊ុន «ធូ លន រៀលអ៉ីស្ទេត» និងទទួលបានភាពស្របច្បាប់តាមរយៈអាជ្ញាបណ្ណអាជីវកម្មរួមមាន៖

​១៖ លិខិតលេខ៖ ១៧៤ សហវ.អឧហ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​
​២៖ អាជ្ញាបណ្ណអភិវឌ្ឍន៍អចលនវត្ថុប្រភេទទី៣ លេខ៖ ៤៦៤សហវ.អឧហ ចុះថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
​៣៖ វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លេខៈ៩៦១០ ពណ.ចបព ចុះថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់ក្រសួងពាណិជ្ជកម្ម ។
​៤៖ ប័ណ្ណពន្ធប៉ាតង់លេខៈ១៣០៥៧/២០១៥ ប/អពដ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានពន្ធដារ។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន «ធូ លន រៀលអ៉ីស្ទេត» មិនជាប់ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៣នោះទេ។

ការចេញសេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គម Facebook បានយកអត្ថបទដែលប្រកាស ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការជូនដំណឹងដល់សាធារណៈជន កុំឲ្យទិញលំនៅឋានទាំងឡាយណា ដែលមិនទាន់មានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួង ព្រោះការទិញលំនៅឋានពីម្ចាស់សំណង់ ឬបុរី ដែលគ្មានការអនុញ្ញាតស្របច្បាប់ អាចនឹងខាតបង់ថវិកា ឬទ្រព្យសម្បត្តិជាយថាហេតុ ។ ​ដោយហេតុថា ការបង្ហោះ Facebook តៗគ្នាបែបនេះ ធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ក្រុមហ៊ុនមួយចំនួនដែលទទួលបានភាពស្របច្បាប់មកវិញ តាមរយៈសេចក្តីសម្រេចនានារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។

ប៉ុន្តែនៅថ្ងៃទី០៧ ខែមេសានេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន «ធូ លន រៀលអ៉ីស្ទេត» ជាក្រុមហ៊ុនស្របច្បាប់ មិនជាប់ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៣នោះទេ៕

សូមអានសេចក្តីជូនដំណឹង៖