(កណ្ដាល)៖ នគរបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានសហការគ្នាចាប់ក្របួចក្រុមចោរលួចគាស់ហាងយីហោ «សន្យា»ចំនួន២នាក់ ស្ថិតនៅក្រុងតាខ្មៅ។

នៅក្នុងកិច្ចសហប្រតិបត្តិការចាប់ក្រុមចោរនេះ កម្លាំងនគរបាលបានសហការគ្នារវាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលស្រុកមុខកំពូល និងនគរបាលស្រុកអង្គស្នួល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដោយបានស្រាវជ្រាវរកឃើញមុខសញ្ញា និងឈានដល់ការបង្ក្រាបភ្លាមៗតែម្ដង។

លោកវរសេនីយ៍ ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ចោរបានចូលលួចគាស់ហាងយីហោ «សន្យា» កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០:៤៥នាទី រំលងអាធ្រាត្រស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានលោក ឃិន សុផល អាយុ៣៩ឆ្នាំ ជាម្ចាស់ហាង រស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅផល អាយុ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ចាន់ សុធី ហៅ វ៉ា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្តថា សម្ភារបាត់បង់រួមមាន៖ ម៉ាស៊ីនឌីជេ ចំនួន១គ្រឿង, ធុងបាសធំ១គ្រឿង, បាស់សូឡូចំនួន១គ្រឿង, ម៉ិចស៊រសំឡេង១គ្រឿង សរុបទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។

លោកវរសេនីយ៍ឯក បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០:៤៥នាទី មានជនសង្ស័យចំនួន០២នាក់ បានជិះឡានមួយគ្រឿងពណ៌ខ្មៅ មិនស្គាល់ម៉ាក មកឈប់នៅចំណុចមុខហាង សន្យា ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃកាត់មេសោរទ្វារ និងមានស្ព្រាយបាញ់កង់ទ្វារឲ្យងាយស្រួលរុញទ្វារបើកកុំឲ្យឮសម្លេងខ្លាំង បន្ទាប់មកជនសង្ស័យ ក៏បាននាំគ្នាចូលទៅក្នុងហាង និងបានធ្វើសកម្មភាពលួចឧបករណ៍ភ្លេងមួយចំនួន មុននាំគ្នាបើកឡានគេចខ្លួនបាត់តែម្តង។

លោកបានបញ្ជាក់ថា ជាលទ្ធផលស្រាវជ្រាវស៊ើបអង្កេត ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះទឹង (កម្មករក្នុងហាង) ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ មិនស្គាល់ទីលំនៅ បានទំនាក់ទំទងគ្នា តាមប្រព័ន្ធ Telegram ដោយថតរូបឧបករណ៍ភ្លេងផ្សេងៗ នៅក្នុងហាងសន្យា ផ្ញើមកឲ្យឈ្មោះ គង់ ដាវី ដើម្បីឲ្យមកធ្វើសកម្មភាពលួច។

លោកបញ្ជាក់បន្ថែមថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឈ្មោះ គង់ ដាវី ហៅផល បានរៀបចំផែនការលួចសម្ភារក្នុងហាងនោះ ដោយឈ្មោះ ទឹង បានជិះម៉ូតូម៉ាក Suzuki Viva ទៅចាំនៅផ្ទះជួលរបស់ គង់ ដាវី នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយឈ្មោះ គង់ ដាវី បានជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ គ្មានផ្លាកលេខចេញពីម្ដុំស្ថានីយ៍ទូរទស្សន៍បាយ័ន និងបានតេទូរស័ព្ទប្រាប់ឈ្មោះ ចាន់ សុធី ឲ្យមកឈរចាំនៅលើផ្លូវជាតិលេខ១ ជិតស្ពានច្បារអំពៅ ឲ្យយកកន្ដ្រៃទៅជាមួយផង បន្ទាប់មកក៏ចេញទៅយកឈ្មោះ ទឹង នៅផ្ទះជួលភូមិត្នោតជ្រុំ។

លោកបន្តបន្ថែមថា រហូតដល់វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ទឹង បានប្រាប់ផ្លូវធ្វើដំណើរមកហាងមួយកន្លែងយីហោ សន្យា ស្ថិតនៅភូមិសាស្ត្រ ក្រុងតាខ្មៅ ដល់វេលាម៉ោង០០:៤៥នាទី បានធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះ គង់ ដាវី ហៅរិទ្ធ ហៅផល និងឈ្មោះ ចាន់ សុធី បានយកកន្ត្រៃដែកដងពណ៌ខៀវ ប្រវែង១ម៉ែត្រ កាត់សោរបើកទ្វារចូលទៅលួចឧបករណ៍ភ្លេងបានមួយចំនួន ចំណែកឈ្មោះ ទឹង អង្គុយចាំក្នុងឡានជាអ្នកមើលផ្លូវ។

ក្រោយពីលួចបាន ភ្លាមឈ្មោះ ទឹង បានដើរទៅផ្ទះ ចំណែកឈ្មោះ គង់ ដាវី និងឈ្មោះ ចាន់ សុធី បានដឹកឧបករណ៍ភ្លេងទាំងនោះ ទៅទុកនៅផ្ទះជួលរបស់ឈ្មោះ គង់ ដាវី។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤០នាទី ឈ្មោះ ចាន់ សុធីបានយក ម៉ាស៊ីនចាក់ឌីជេ ១គ្រឿង ជិះPassApp យកទៅលក់នៅចំណុច ចុងស្ពានដែកចំការដូង លក់ក្នុងតម្លៃ ៣៥០$ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ទើបកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល និងឈ្មោះ ចាន់ សុធី រួមជាមួយនឹងវត្ថុតាង។

សូមបញ្ជាក់ថា ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕