(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២២ នឹងសម្រេចបានកំណើន៤.៨%ក្នុងឆ្នាំ២០២២ ដែលនឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រេចបាន ៣០ ៥៤៤លានដុល្លារ។ នេះបើតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង។

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២ បានគត់សម្គាល់ថា «សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនក្នុងអត្រា ២.៤% ដែលការប៉ាន់ស្មាននេះ គឺមាននិន្នាការស្រដៀងគ្នាទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងរង្វង់ប្រមាណ ២.០%។ ដោយឡែក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៤.៨% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់១២៤ ១៦២ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារ, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៨៤២ ដុល្លារ បើប្រៀបធៀបនឹង ១ ៧៣០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១»

ចំពោះការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងអត្រា ៤.៨ភាគរយនេះ ដោយសារការបន្តកើនឡើង នៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា៖

១៖ វិស័យឧស្សាហកម្មត្រូវបានព្យាករថា សម្រេចបានកំណើន៧.៧ភាគរយ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានត្រឹម៥.៧ភាគរយប៉ុណ្ណោះ។ កំណើននេះសម្រេចទៅបានដោយសារ កំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាល។ វិស័យកាត់ដេរត្រូវបានរំពឹងថា នឹងបន្តកើនឡើងដោយសារភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ពិសេសទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារចិន ស្របជាមួយការរំពឹងទុកការបង្វែររោងចក្រ ពីប្រទេសមីយ៉ាន់ម៉ា ព្រមទាំងគួបផ្សំនឹងការដាក់ចេញ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥»

២៖ វិស័យសេវាកម្ម ក៏ត្រូវបានព្យាករថា សម្រចបានកំណើន៤.១ភាគរយក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញសន្សឹមៗ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត ព្រមទាំងវិស័យលក់ដុំ និងរាយ។ ទោះជាយ៉ាងនេះក្ដីការងើបឡើងនៃ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានរំពឹងថា ងើបក្នុងកម្រិតទាប ទាំងទំហំ និងអត្រាកំណើន ព្រោះដោយសារតែការងើបឡើងវិញ ក្នុងល្បឿនយឺតនៃភ្ញៀវទេសចរអន្តរជាតិ ខណៈចំនួនភ្ញៀវទេសចរជាតិរំពឹងថា ងើបឡើងក្នុងសន្ទុះលឿនជាងពេលដែលការរាតត្បាត ក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។

៣៖ ដោយឡែកវិស័យកសិកម្មត្រូវបានព្យាករថា សម្រេចបានកំណើនក្នុងអត្រាទាប ១.១% ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន១.៤% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុក នៃការបន្តកំណើនល្អប្រសើរ នៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។ កំណើនល្អប្រសើរនៃអនុវិស័យដំណាំ ដោយសារការរំពឹងទុក កំណើនល្អនៃការនាំចេញ ផលិតផលកសិកម្ម ពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលនឹងបន្តជំរុញ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើន ការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់ហិរញ្ញប្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុក។

ចំណែកអនុវិស័យចិញ្ចឹមសត្វរំពឹងថា បន្តកំណើនខ្ពស់ដោយសារការបន្តកើនឡើងនៃផលិតកម្មជ្រូក គួបផ្សំនឹងវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានា។

ចំពោះអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា២.៨% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកការវិលត្រលប់ទៅ រកនិន្នាការធម្មតាវិញនៃថ្លៃម្ហូបអាហារ។ ចំណែកឯអត្រាប្តូរប្រាក់រៀល ត្រូវបានប៉ាន់ស្មានថា នឹងបន្តមានស្ថិរភាពក្នុងរង្វង់៤០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយសារការកើនឡើង នៃការប្រើប្រាស់ប្រាក់រៀល។

ទោះបីជាសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថា ងើបឡើងវិញក្នុងអត្រា៤.៨ភាគរយក្តី, កម្ពុជាក៏ត្រូវជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលនឹងធ្វើឱ្យប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច និងបង្កភាពរអាក់រអួលដល់កិច្ចអភិវឌ្ឍន៍ជារួម។

រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការអនុវត្ត យុទ្ធសាស្រ្តស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលរាជរដ្ឋាភិបាលនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ព្រមជាមួយនឹងការដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលា តាមរយៈគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ ក្នុងគោលបំណងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជំរុញកំណើនឡើងវិញ៕