(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានព្រមានចាត់វិធានការច្បាប់ចំៗចំពោះមន្ត្រីនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែលកម្ពុជា-ថៃ រូបណាដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ឬពាក់ព័ន្ធនឹងបទល្មើសជួញដូរថ្នាំញៀន និងបទល្មើសនានា ដែលនាំឱ្យខូចកិត្តិយស មុខមាត់កងកម្លាំង។

ការព្រមានបែបនេះរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ក្នុងឱកាសដែលលោកបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់នគរបាលការពារព្រំដែន នៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជំរុញឱ្យគ្រប់មេបញ្ជាការវរៈត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងភាគីថៃឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងារ។ កម្លាំងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើសការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ (ពលករចំណាកស្រុក មេខ្យល់), បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ) និងបទល្មើសជួញដូរគ្រឿងញៀន។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាឱ្យកម្លាំងនគរបាលព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង កសាងប៉ុស្តិ៍ ជំរក សម្ភារ បរិក្ខាទ័ព គ្រប់គ្រងគ្រាប់/អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយជីវភាពនគរបាលតាមព្រំដែនឱ្យកាន់តែមានភាពប្រសើរឡើង៕