(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេសជាមួយលោក Miroslav Jenca ជំនួយការអគ្គលេខាធិការ UN នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ជំនួយការអគ្គលេខាធិការ UN បានបញ្ជាក់ថា UN គាំទ្រនូវការប្រើប្រាស់វប្បធម៌សន្ទនា ដែលគណបក្សនយោបាយទាំងពីរនៅក្នុងរដ្ឋសភាបានអនុវត្តនាពេលកន្លងមក។
ជាការឆ្លើយតបភាគីកម្ពុជា តាមរយៈលោក អ៊ុង ស៊ាន បានបញ្ជាក់ថា ទាក់ទងទៅនឹងវប្បធម៌សន្ទនានេះ រដ្ឋាភិបាលកម្ពុជា បានអនុវត្តត្រូវហើយ នៅឡើយតែគណបក្សសង្រ្គោះជាតិនោះទេ។ ទាក់ទងនឹងករណីនេះ រាជរដ្ឋាភិបាល នៅតែបន្តការអនុវត្តវប្បធម៌សន្ទនានេះ ឲ្យបានល្អប្រសើរជាងមុនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ច័ន្ទ វាសនា ប្រធាននាយកដ្ឋានអន្តរជាតិ នៃក្រសួងការបរទេស។ លោក ច័ន្ទ វាសនា បានប្រាប់ឲ្យដឹងថា មន្ត្រី UN គឺបានស្នើឲ្យកម្ពុជាបង្កើនទំនាក់ទំនង ជាមួយប្រទេសជិតខាងផងដែរ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងគ្នានឹងគ្នា។ ក្រៅពីនោះ លោក Miroslav Jenca ជំនួយការអគ្គលេខាធិការ UN ក៏បានស្នើឲ្យការរៀបចំ ការបោះឆ្នោត ឃុំសង្កាត់ នៅឆ្នាំក្រោយ និងការបោះឆ្នោតថ្នាក់ជាតិ កុំឲ្យមាន អំពើហិង្សាកើតឡើងផងដែរ។
គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស ជាមួយលោក Miroslav Jenca ជំនួយការ អគ្គលេខាធិការ UNនាពេលនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងគ្នា និងគ្នាឲ្យកាន់ល្អប្រសើរបន្ថែមទៀត៕