(ភ្នំពេញ)៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា មានរយៈពេលគម្រប់៣០ឆ្នាំហើយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ស្អែកនេះ។ ការកើតមានកិច្ចព្រមព្រៀងមួយនេះ ត្រូវបានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់តម្លៃខ្ពស់ទៅលើឆន្ទៈរបស់ភាគីខ្មែរ ជាពិសេសសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះតំណាងឱ្យចលនាតស៊ូត្រីភាគី និងសម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលរដ្ឋកម្ពុជា នៅពេលនោះ។

ផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ ដោយមានអាមេរិកជាបង្អែក កម្ពុជាក៏បានរអិលជើងធ្លាក់ក្នុងវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។ កម្ពុជាត្រូវចំណាយពេលជិត៣ទសវត្សរ៍នៅក្នុងជម្លោះ និងភ្លើងសង្គ្រាមនេះ រហូតដល់ចុងឆ្នាំ១៩៨៧ ទើបមានជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅប្រទេសបារាំង ដើម្បីបើកការជជែកគ្នារកដំណោះស្រាយលើជម្លោះទាំងនេះ។

ផ្តើមចេញពីជំនួបលើកទី១នេះ ក៏បានបើកផ្លូវទៅជំនួបជជែកជាបន្តបន្ទាប់រវាងខ្មែរគ្រប់ភាគីជាពិសេស គឺសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួលពីប្រទេសជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។ កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មានការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។

បើទោះបីកិច្ចព្រមព្រៀងនេះមានរយៈពេល៣០ឆ្នាំទៅហើយក្តី តែនៅតែមានការយល់ឃើញ និងបកស្រាយផ្សេងៗពីមូលហេតុនាំឱ្យមាននូវកិច្ចព្រមព្រៀងមួយនេះ នៅក្នុងសង្គមនយោបាយ និងសាធារណៈមតិរបស់ខ្មែរ។

រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនៅកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំវេទិកាតុមូលមួយស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងបំណងរំលើកបើកកកាយ និងផ្តល់ធាតុសម្រាប់ការពិចារណាដល់ប្រជាពលរដ្ឋខ្មែរ។ វេទិកាបានកោះហៅវាគ្មិនចម្រះមកពីអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម តំណាងបក្សនយោបាយ និងអ្នកសិក្សាស្រាវជ្រាវផងដែរ។

វាគ្មិនក្នុវេទិកានេះរួមមាន៖ ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា, លោកបណ្ឌិត មាស នី អ្នកវិភាគ និងតាមដានការអភិវឌ្ឍសង្គម និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

តាមរយៈវេទិកានេះ វាគ្មិនគ្រប់រូប បានលើកឡើងនូវទិដ្ឋភាពដែលនាំឱ្យកើតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, សមិទ្ធផលកើតចេញពីកិច្ចព្រមព្រៀង, សុពលភាព, ភាពប្រឈម និងការផ្តល់អនុសាសន៍សម្រាប់អនុវត្តន៍បន្ត។

វាគ្មិនគ្រប់បានបង្ហាញទស្សនៈស្របគ្នា ដោយបានសាទរចំពោះកិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងដែលនាំឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម និងឈានទៅការកសាងប្រទេស។ ប៉ុន្តែវាគ្មិនហាក់មានទស្សនៈខុសគ្នា ជុំវិញតួអង្គនាំឱ្យកើតមានកិច្ចព្រមព្រៀង ភាពប្រឈម និងសុពលភាពនៃកិច្ចព្រមព្រៀងមួយនេះ។

តំណាងមកអង្គការសង្គមស៊ីវិល ដូចជាលោកស្រី ចក់ សុភាព, តំណាងបក្សនយោបាយ លោក យ៉ង សាំងកុមារ ព្រមទាំងអ្នកតាមដានបញ្ហាសង្គម លោក មាស នី ហាក់ផ្តល់តម្លៃទៅលើប្រទេសមហាអំណាចថា ជាតួអង្គរួមចំណែកសំខាន់សម្រាប់ការបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយពួកគេ ក៏បានយល់ឃើញថា កិច្ចព្រមព្រៀងនេះ នៅតែមានវិសាលភាព និងសុពលភាពសម្រាប់កម្ពុជា។

តែទស្សនៈនេះត្រូវបានបដិសេធទាំងស្រុងពីលោកបណ្ឌិតសភាចារ្យ សុខ ទូច។ សម្រាប់លោក សុខ ទូច ប្រទេសមហាអំណាច និងប្រទេសជាហត្ថលេខី គ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺតួអង្គអ្នកនយោបាយខ្មែរផ្ទាល់តែម្តង ដែលមានឆន្ទៈក្នុងការបញ្ចប់នូវជម្លោះកសាងនូវសុខសន្តិភាព។ លោក សុខ ទូច បានផ្តល់តម្លៃខ្ពស់សម្រាប់កិច្ចព្រមព្រៀងនេះ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន។ លោក សុខ ទូច បានផ្តល់តម្លៃខ្ពស់ជាងគេសម្រាប់តួអង្គសម្តេចតេជោ ហ៊ុន សែន ថា មានឆន្ទៈខ្ពស់ក្នុងការបញ្ចប់ភ្លើងសង្គ្រាមនេះ។

លោក សុខ ទូច បានលើកជាទឡ្ហីករណ៍នូវបណ្តាប្រទេសមួយចំនួន បើទោះបីមហាអំណាចបានដួលរលំ តែពួកគេនៅតែមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាមបាន មានដូចជា៖ អាហ្វហ្កានីស្ថាន អង់ហ្កោឡា និងនីហ្សេរីយ៉ាជាដើម។

លោក សុខ ទូច បានបញ្ជាក់ដូច្នេះ «ពេលនោះបើ ហ៊ុន សែន មិនចុះហត្ថលេខា កុំនិយាយពីមហាអំណាចដួល»

បណ្ឌិតដែលផ្តល់តម្លៃខ្ពស់លើការសិក្សាស្រាវជ្រាវ និងទិដ្ឋភាពប្រវត្តិសាស្ត្រពិតរូបនេះ បានបន្តថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កើតចេញពីឆន្ទៈរបស់ខ្មែរ តែយើងថាជាការខ្សោយរបស់មហាអំណាចក៏ត្រូវមួយជ្រុង។ ប៉ុន្តែខ្មែរ គឺឆន្ទៈ ហើយអ្នកដែលធ្វើហ្នឹងកុំភ្លេចបុរសម្នាក់ណុង គឺសម្តេចតេជោ ហ៊ុន សែន»

ក្រៅតែពីបានបង្ហាញចំពោះតួអង្គសំខាន់ក្នុងការនាំឱ្យកើតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយនោះ លោកបណ្ឌិត សុខ ទូច ក៏បានលើកបង្ហាញពីទិដ្ឋភាពថា តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ អស់សុពលភាព ឬក៏នៅមានសុពលភាពផងដែរ?

សម្រាប់លោកបណ្ឌិតសភាចារ្យ សុខ ទូច កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងអន្តរកាលមួយ ហើយវាបានអស់សុពលភាពនៅក្រោយពេលកម្ពុជាបង្កើតបានរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

ដើម្បីជាទឡ្ហីករណ៍មកបញ្ជាក់បន្ថែមលើការអស់សុពលភាព ឬមិនអស់សុពលភាពនោះ លោកបណ្ឌិតសភាចារ្យ បានលើកយកមាត្រា១ នៃកិច្ចព្រមព្រៀងនេះមកបញ្ជាក់ផងដែរ។ មាត្រា១ នៃកិច្ចព្រមព្រៀងនេះ បានលើកឡើងថា «ដើម្បីបម្រើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះ ដំណាក់អន្តរកាលត្រូវចាប់ផ្តើមពីពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយត្រូវបញ្ចប់នៅពេលដែលសភាធម្មនុញ្ញដែលបានជាប់ឆ្នោតតាមរយៈនៃការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ ដែលរៀបចំឡើង និងបញ្ជាក់ដោយអង្គការសហប្រជាជាតិ បានអនុម័តរដ្ឋធម្មនុញ្ញ ហើយបានក្លាយខ្លួនឯងទៅជាសភានីតិបញ្ញត្តិ រួចបន្ទាប់មករដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង»

លោក សុខ ទូច ក៏បានលើកបង្ហាញពីករណីទ័ពថៃចូលឈ្លាននៅប្រាសាទព្រះវិហារ និងការឈ្លានពានរបស់ទ័ពឡាវ នៅស្ទឹងត្រែង គឺសុទ្ធតែជាតឹកតាងបង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនមានសុពលភាពទៀតឡើយ ព្រោះថាបើកិច្ចព្រមព្រៀងនេះនៅមានសុពលភាព ប្រទេសទាំងពីរនេះ មិនចូលមកឈ្លានពានកម្ពុជាបែបនេះឡើយ។ ក្នុងនោះករណីថៃឈ្លានពាននៅឆ្នាំ២០០៨ អង្គការសហប្រជាជាតិ និងអាស៊ាន មិនបានឈឺឆ្អាលចំពោះការស្វែងរកអន្តរាគមន៍របស់កម្ពុជានោះឡើយ។

បើទោះបីជាយ៉ាងណា លោកបណ្ឌិត សុខ ទូច បានលើកបង្ហាញពីគុណតម្លៃនៃកិច្ចព្រមព្រៀងនេះផងដែរ។ គុណតម្លៃនៃកិច្ចព្រមព្រៀងនេះមានដូចជា៖ ធ្វើឱ្យខ្មែរគ្រប់ភាគីចូលតុចរចា, ខ្មែរនៅតាមព្រំដែនត្រឡប់ចូលកម្ពុជាវិញ, អន្តរជាតិផ្តល់ថវិកាកសាងកម្ពុជា, កសាងហេដ្ឋារចនាសម្ព័ន្ធដែលបាក់បែក, ផ្តល់ជម្រក និងអាហារ ដល់អ្នកភៀសខ្លួនពីថៃមកវិញ និងការផ្តល់អំណាចដល់ប្រជាពលរដ្ឋខ្មែរតាមរយៈការបោះឆ្នោត។ ដោយឡែកបរាជ័យរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា បើទោះបីចាយលុយអស់ជិត ២ពាន់លានដុល្លារអាមេរិក៕