(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងថា អាជ្ញាធរមិនទុកឲ្យប្រជាពលរដ្ឋជាពិសេសមនុស្សចាស់ជរា រស់នៅដោយភាពឯកកោឡើយ។

ការលើកឡើងបែបនេះបានធ្វើឡើងទិវាមនុស្សចាស់ ក្រោមប្រធានបទ «ចូលរួមគាំទ្រថែទាំសុខមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិ»

លោក ធឹម សំអាន បានបន្ដថា ការយកចិត្តទុកដាក់លើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់មនុស្សវ័យចាស់ គឺមានន័យថា យើងទាំងអស់គ្នា បាននិងកំពុងយកចិត្តទុកដាក់ គិតគូរអំពីអនាគតវ័យចាស់របស់ខ្លួន យើងទាំងអស់គ្នា ព្រោះមនុស្សវ័យចាស់ គឺជាឃ្លាំងនៃបទពិសោធន៍ សូមអ៊ុៗ ថែទាំសុខភាពជាចម្បង។

ជាងនេះទៅទៀតអភិបាលខណ្ឌបឹងកេងកង បានថ្លែងបែបនេះ ខណៈលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង មកផ្ដល់ជូនដល់សមាជិក សមាគមមនុស្សចាស់ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ចូលរួមគាំទ្រថែទាំសុខមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិ» នៅព្រឹកថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១ ។

លោក ធឹម សំអាន បានចុះចែកអំណោយជូនដល់អ៊ុៗ ចាស់ៗ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ជាការចូលរួមអបអរសាទរ នៃទិវាមនុស្សផងដែរ ហើយលោកសូមអំពាវនាវទៅដល់បងប្អូនប្រជាជន ពិសេសលោកអ៊ុៗ ចាស់ៗ សូមឲ្យមើលថែទាំសុខភាពជាចម្បង និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ចំពោះអំណោយដែលផ្ដល់ជូនដល់ជាអ៊ុៗ ចាស់ៗ នៅថ្ងៃនេះ គឺជាការដឹងគុណដល់មនុស្សចាស់មនុស្សជាឃ្លាំង នៃបទពិសោធន៍ គឺជាវប្បធម៌ នៃការចែករំលែក ពោលគឺអ្នកមានលទ្ធភាព ជួយឧបត្ថម្ភ ដល់អ្នកគ្មានលទ្ធភាពហើយក្នុងនោះ អាជ្ញាធរខណ្ឌមិនទុកឲ្យបងប្អូនប្រជាជនទូទៅឯកកោឡើយ ពោលតែងតែមានការគិតគូរផ្ដល់កម្លាំងចិត្តដល់មនុស្សចាស់។ ចំពោះសកម្មភាពចុះមកសាកសួរសុខទុក្ខ និងផ្ដល់អំណោយទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ពេលជួបការខ្វះខាត នាសម័យកូវីដ-១៩។

ក្នុងឱកាសនោះ អភិបាលខណ្ឌបឹងកេងកង បានស្នើដល់បងប្អូនបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

បន្ថែមពីនេះទៀត លោកស្រី ស៊ិន រតនា អភិបាករងខណ្ឌ បានឲ្យដឹងថា ចំពោះអំណោយដែលចែកជូនដល់សមាជិកសមាគមមនុស្សចាស់ នៅថ្ងៃនេះ រួមមាន៖ ថវិកា ៥ប្រាំម៉ឺនរៀល, អង្ករចំនួន ២៥គីឡូ, មី ០១កេស, ស្ករស, ទឹកដោះគោឆៅ, ក្រម៉ាមួយ និងជែលផងដែរ៕