(រតនគិរី)៖ សត្វប្រើសទម្ងន់ជាង១០០គីឡូក្រាមមួយក្បាល ត្រូវបានគេបាញ់សម្លាប់ចោល ដើម្បីយកសាច់ទៅលក់ធ្ចើគ្រឿងក្លែម និងលក់តាមទីផ្សារ ស្ថិតនៅចំណុចផ្ទះឈ្មោះលី ស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។
មន្រ្ដីយោធាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា យប់ថ្ងៃទី៦ ខែមេសា គាត់បានឮស្នូរគ្រាប់កាំភ្លើង៤គ្រាប់ លុះព្រឹកឡើងស្រាប់តែឃើញ គេដឹកសត្វប្រែសនោះ កាត់មុខបន្ទាយគាត់តែម្ដង។
លោក លី ដែលជាអ្នកលក់សាច់ប្រែសនោះ បានបកស្រាយថា សាច់ប្រែស គាត់លក់តម្លៃ៣០០០០រៀល ក្នុងមួយគីឡូ ហើយវាជាប់អន្ទាក់របស់គាត់ ក្នុងចំការដំឡូងមិនមែនដូចជាការអះរបស់មន្ដ្រីយោធាខាងលើនោះទេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែលឃើញការដាក់តាំងលក់សត្វជិតផុតពូជនេះ បានអំពាវនាវដល់សមត្ថកិច្ចជំនាញ គួរតែចុះស្រាវជ្រាវ ព្រោះខ្លាចជនខិលខូចយកអាវុធទៅលាក់ទុក ដើម្បីប្រើប្រាស់ខុសច្បាប់ និងបាញ់សម្លាប់សត្វព្រៃបែបនេះ៕