(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី១០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៨,៤៧៨នាក់ សរុបចំនួន១០ថ្ងៃ មានចំនួន ១០៧,២០៥នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី១០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន ១,៣៧៧ នៅទូទាំងប្រទេសមានដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨,៤៧៨នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥,៦៨១នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២,៧៩០នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២,៨៤១នាក់។

គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល១០ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ១០៧,២០៥នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៦៤,៤៤៨នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ២៨,៨៥៥នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៣៣,១៤៣នាក់។

បន្ថែមពីនេះ គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់៖

*ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង
*ដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364  ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ៕

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) (https://www.nec.gov.kh/khmer/taxonomy/term/364)
លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១