(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់វិធានការចុះរៀបចំសណ្ដាប់សាធារណៈ និងរបៀបរៀបរយសង្គមឡើងវិញជាបណ្ដើរៗ នៅតាមដងផ្លូវតូច-ធំ ទូទាំងសង្កាត់ចំនួន៧ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ផ្សេងៗ ពិសេសសំដៅលើការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង បន្ទាប់ពីរដ្ឋបាលខណ្ឌ ជូនដំណឹងរួចមកហើយ ដល់ប្រជាពលរដ្ឋមួយចំនួន ដែលបានយកយានយន្ដមកចតលើចំណីចិញ្ចើមផ្លូវ ជាមួយនិងក្រុមអាជីវករលក់បន្លែផ្លែឈើ បានយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។

សកម្មភាពនៃការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ផ្សេងៗ ពិសេសសំដៅលើការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងឡើងវិញ នៅតាមបណ្ដារផ្លូវតូច-ធំ និងតាមបណ្ដោយផ្លូវលេខ២៤៥ នូវទូទាំងសង្កាត់ចំនួន៧នេះ បានអនុវត្តឡើង បន្ទាប់ពីបញ្ចប់ និងយោងតាមស្មារតីអង្គប្រជុំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ក្រោមការចូលរួមពីលោកអភិបាលរងខណ្ឌ, ប្រធានការិយាល័យជុំនាញ, កម្លាំងអធិការនគរបាលខណ្ឌ , កងរាជអាវុធហត្ថខណ្ឌ , សណ្ដាប់ធ្នាប់ខណ្ឌ, ប្រជាការពារសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា ប្រតិបត្តិការចុះរៀបចំសណ្ដាប់សាធារណៈ និងរបៀបរៀបរយសង្គមឡើងវិញនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ បន្ទាប់ពីប្រជាពលរដ្ឋ និងបង-ប្អូនអាជីវករមួយចំនួនធំ បានសហការជាមួយអាជ្ញាធរ ប្រកបដោយក្ដីរីករាយ។

លោក ជា ពិសី បញ្ជាក់ទៀតថា កម្លាំងអាជ្ញាធរ បាននិងកំពុងបន្តចែកសេចក្តីជូនដំណឹងដល់គ្រប់អាជីវករ , ម្ចាស់ផ្ទះប្រកបរបរលក់បន្លែ ផ្លែឈើ, និងម្ចាស់យាន្តយន្ត ដែលចតលើចិញ្ចើមផ្លូវ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីធ្វើការហ៊ុព័ន្ធខ្សែនៅលើទីតាំងរំលោភចិញ្ចើមផ្លូវលេខ ២៤៥ ដើម្បីទប់ស្កាត់ការលក់ដូរ ការផ្ទេរ និងដឹកជញ្ជូន ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណេីររបស់ប្រជាពលរដ្ឋ សំដៅលើការលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។

សូមជម្រាបថា សម្រាប់វិធានការចុះរៀបចំសណ្ដាប់សាធារណៈ និងរបៀបរៀបរយសង្គមឡើងវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ផ្សេងៗ ពិសេសសំដៅលើការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង របស់គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌទួលគោក បានអនុវត្តឡើង ស្ថិតនៅសង្កាត់ផ្សារដើមគរ , សង្កាត់បឹងសាឡាង, សង្កាត់ផ្សារដេប៉ូទី១ , សង្កាត់ផ្សារដេប៉ូទី២ , សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី៣ ៕