(ភ្នំពេញ)៖ បន្ទាប់ពីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២រួចហើយនោះ គណៈរដ្ឋមន្រ្តី បានបន្តអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ថែមទៀត។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួនដូចជា ទី១៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២, ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងទី៣៖ បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាមានកំណើនអវិជ្ជមាន -៣,១% ដោយសារឥទ្ធិពលនៃវិបត្តជំងឺកូវីដ-១៩ ដែលបានបណ្ដាលឱ្យវិស័យជំរុញកំណើនសំខាន់ៗ ទួទលរកផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យកាតដេរ អនុវិស័យលក់ដុំ លក់រាយ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន។ ដោយឡែក វិស័យកសិកម្មត្រូវបានវាយតម្លៃថា សម្រេចបានកំណើនវិជ្ជមាន ប៉ុន្តែស្ថិតក្នុងអត្រាទាបក្នុងរង្វង់ ០,៥% ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅរក្សាបានកំណើនល្អប្រសើរ។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចុប្បន្នសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ១០៩ ០៦២ ប៊ីលានរៀល ជាហេតុធ្វើឱ្យ ផ.ស.ស. សម្រាប់មនុស្សម្នាក់ ធា្លក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះអតិផរណាមធ្យមបានកើនឡើងក្នុងអត្រា ២,៩% ក្នុងឆ្នាំ២០២០ ពីអត្រា ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិត ៤ ០៨០រៀល ក្នុងមួយដុល្លារអាមេរិក។

ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០២០ អនុវត្តបានចំនួន ៣១ ៧៧០ ០៨២,៩ លានរៀល ស្មើនឹង ២៩,១៣% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ៦,៣% ដោយក្នុងនោះ ចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៣ ៩២១ ៩៤៨,៣ លានរៀល ស្មើនឹង២១,៩៣% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ៩,៧% និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៦ ៨៩៤ ១៣៩,៦ លានរៀល ស្មើនឹង ៦,៣២% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៩,៤%។

នៅក្នុងឆ្នាំ២០២០ ចំណាយថវិការដ្ឋ(ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ ) អនុវត្តបានចំនួន៣២ ៧៣២ ៥២៦,៤ លានរៀល ស្មើនឹង៣០,០១%នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ៤,៤% ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៩ ២៦៩ ៩៧៦,៦លានរៀល ស្មើនឹង១៧,៦៧% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ៣,០%។)

ការអនុវត្តកិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ សម្រេចបានលទ្ធផល ដូចខាងក្រោម៖

• ចំណូលថវិកាអនុវត្តបានចំនួន ២៨ ៥០០ ៣៧២,៥ លានរៀល
• ចំណាយថវិកាអនុវត្តបានចំនួន២៩ ៥០២ ៧៤៦,៥ លានរៀល
• ឱនភាពពីការអនុវត្តថវិកាក្នុងឆ្នាំមានចំនួន(-)១ ០០២ ៣៧៤,០ លានរៀល៕