(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំដល់ក្រសួងស្ថាប័នជំនាញ ធ្វើការពិនិត្យមើលអំពីលទ្ធភាពក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាថៃ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា។

ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជាមានប្រទេសខ្លះ មិនមានទំនាក់ទំនងផ្លូវអាកាសជាមួយនោះទេ ប៉ុន្តែក៏មានប្រទេសខ្លះ ដែលកម្ពុជាខ្លួនឯង ជាអ្នកបិទមិនឲ្យមានការហោះហើរដែរ ដោយសារតែពេលនោះមានករណីឆ្លងជំងឺកូវីដ១៩ រីករាលដាលខ្លាំង ដូចជាពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។

សម្តេចបន្តថា បច្ចុប្បន្ននេះការហោះហើរចេញចូលមកកម្ពុជា មានពីប្រទេសសិង្ហបុរី ចិន និងកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ ប្រទេសថៃចាប់ផ្តើមបើកឲ្យកម្ពុជា ចូលប្រទេសរបស់ពួកគេ ដោយមិនបាច់ធ្វើចត្តាឡីស័ក ដូច្នេះនោះកម្ពុជាក៏អាចឲ្យភ្ញៀវមកពីប្រទេសថៃ មិនបាច់ធ្វើចត្តាឡីស័ក ហើយអាចបើកការហោះហើយឡើងវិញបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញ នូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៉ី និងហ្វីលីពីន មកកម្ពុជាវិញផងដែរ ដែលយើងបានធ្វើការគ្រប់គ្រងល្អហើយ សម្រាប់ព្រលានយន្តហោះរបស់យើង ហើយយើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើចត្តាឡីស័កដែលអាចជាផ្នែកនៃការទាក់ទាញ ដែលអាចឈានដល់ការរៀបចំបើកឡើងវិញ នូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង»

សូមជម្រាបថា រាជរដ្ឋាភិបាល បានបន្ធូរបន្ថយ រយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួច ដោយតម្រូវឲ្យអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ។ ដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដី១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ៕