Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន៖ រាជរដ្ឋាភិបាលកំពុងគិតគូរ បញ្ហាប្រាក់បៀវត្ស ជូនមន្ត្រីរាជការ ឲ្យមានជីវភាពប្រសើរជាងមុន

07-04-2016 18:43

(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តកែលំអរប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងពង្រឹងសមត្ថភាពរបស់មន្ត្រីសាធារណៈ ក្នុងការផ្តល់សេវាជូនប្រជាជនប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

ប្រធានរដ្ឋសភានៃកម្ពុជាវ័យជាង៨០ឆ្នាំរូបនេះ បានបន្តថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំតម្លើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធដើម្បីឲ្យមានជីវភាពល្អប្រសើរជាងមុន។

សម្តេចប្រធានរដ្ឋសភា លើកឡើងបែបនេះក្នុងឱកាសដែលសម្តេច និងភរិយា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឧបដ្ឋានសាលាថ្មី និងសមិទ្ធិផលនានា នៅក្នុងវត្តសុវណ្ណមុន្នីជោតិ ហៅវត្តស្វាយតាមែក ស្ថិតនៅក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។

ពិធីនេះមានការចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ យ៉ាងច្រើនកុះករផងដែរ៕