(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យរកវិធីសាស្ត្ររំដោះចេញនូវការលិចលង់មួយចំនួន បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ បណ្ដាលឱ្យលិចលំនៅដ្ឋាន និងប៉ះពាល់ដល់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទានចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ការពិនិត្យរកវិធីសាស្ត្ររំដោះការលិចលង់ដោយសារជំនន់ទឹកភ្លៀង នារដូវវស្សា នៅសង្កាត់ស្វាយប៉ាកនេះ, អភិបាលខណ្ឌឬស្សីកែវ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារដាក់ម៉ាស៉ីនបូមទឹកចេញពីភូមិ ដោយបង្ហូរទម្លាក់ទៅប្រឡាយឌីប៉ូ និងបើកទ្វារទឹកបង្ហូរទម្លាក់ទៅទន្លេរសាប ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវាផ្សេងៗជាច្រើនទៀត បើទោះបីជាអាជ្ញាធរ ទទួល ឬមិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយជូន ពីប្រជាពលរដ្ឋក៏ដោយ៕