(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ច ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញ មានហានិភ័យខ្ពស់ ដែលមានប្រភពពីប្រទេស មានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ១៩ គ្រោងនឹងស្នើសុំការអនុញ្ញាតពីថ្នាក់ដឹកនាំ ដើម្បីសុំដកចេញការតម្រូវ ឲ្យយកសំណាកសាច់បង្កក នាំចូលមកពីប្រទេសឥណ្ឌា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១តទៅ។

ប៉ុន្តែបើទោះជាដកចេញការតម្រូវឲ្យធ្វើតេស្តរកកូវីដ១៩នេះក្តី ក៏អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅតែម្រូវឲ្យអ្នកនាំចូលត្រូវមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ លើសាច់បង្កក ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសឥណ្ឌា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលានេះ។

លើសពីនេះ ប្រសិនបើកស្ថានភាពនៃការឆ្លងកូវីដ-១៩ នៅប្រទេសនាំចេញកាន់តែធូរស្រាល វិធានការខាងលើនេះនឹងអាចដកចេញទាំងស្រុងចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២តទៅ។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ច ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញ មានហានិភ័យខ្ពស់ ដែលមានប្រភពពីប្រទេស មានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ១៩ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសមានហានិភ័យខ្ពស់ និងពិភាក្សាលើការបន្ធូរបន្ថយ វិធានការមួយចំនួន ដើម្បីឱ្យមានភាពសមស្រប តាមស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺកូវីដ-១៩ ។

តាមរបាយការណ៍របស់ក្រុមការងារនៃគណៈកម្មការចំពោះកិច្ច បង្ហាញថា ក្នុងចំណោមទំនិញសាច់បង្កកនាំចូលចំនួន ១៥០ កុងតែន័រ ដែលជាមុខសញ្ញាធ្វើតេស្តរកវីរុសកូវីដ-១៩ មានតែ ៣ កុងតែន័រប៉ុណ្ណោះដែលបានរកឃើញ «វិជ្ជមាន» និងត្រូវបានដុតបំផ្លាញចោលកាលពីចុងខែកក្កដា ឆ្នាំ២០២១ ។ ទន្ទឹមនេះ ក្រុមការងារតាមដាននិងវាយតម្លៃពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសសំខាន់ៗ ដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជា ក៏បានធ្វើរបាយការណ៍ដោយបញ្ជាក់ថា អត្រានៃការឆ្លងនៅប្រទេសទាំងនោះមានការធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ-១៩ លើសាច់បង្កកនាំចូលមកកម្ពុជា៕