Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងឆ្មក់បង្ក្រាបការលួចសង់បណ្តាញខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុន Smart ប្រវែង១៦គីឡូម៉ែត្រ ក្នុងខេត្តតាកែវ និងកំពង់ស្ពឺ

21-10-2021 19:51

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានសហការជាមួយអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះបង្ក្រាបការលួចស្ថាបនា បណ្តាញខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ប្រវែងប្រមាណ១៦គីឡូម៉ែត្រ ដែលស្ថិតនៅទីតាំងបីផ្សេងគ្នា ក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

សេចក្តីប្រកាសព័ត៌មានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលានេះបានបញ្ជាក់ថា ជាលទ្ធផលនៃការបង្ក្រាប រឹបអូសរាល់វត្ថុតាងយកមករក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងឈានទៅដល់ការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធមួយចំនួន និងបណ្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ផងដែរ។

ទន្ទឹមនឹងការបង្ក្រាបនេះ និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តចុះត្រួតពិនិត្យរាល់ការស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិក នានាទាំងឡាយ នៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត ដើម្បីធានាថាការស្ថាបនាទាំងនោះ ប្រព្រឹត្តិទៅប្រកបដោយអនុលោមភាពគតិយុត្តនិងបច្ចេកទេស។

និយ័តករទូរគមនាគមន៍កម្ពុជា សង្កាត់ធ្ងន់ថា «ជានិច្ចកាល និយ័តករទូរគមនាគមន៍កម្ពុជា តែងតែជូនដំណឹងនិងណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។ ក៏ប៉ុន្តែប្រតិបត្តិករទូរគមនាគមន៍មួយចំនួន នៅតែបន្តបំពានច្បាប់យ៉ាង គឃ្លើន ជាក់ស្តែងករណីក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ដែលត្រូវបានបង្ក្រាបនៅថ្ងៃនេះជាដើម»។

និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវសាជាថ្មីដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ឱ្យគោរពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងពិនិត្យលក្ខខណ្ឌ ដែលមានចែងក្នុងអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវនៅមុនធ្វើសកម្មភាពណាមួយ ហើយក្នុងករណី មានភាពស្រពេចស្រពិល អាចស្នើសុំការណែនាំពី និយ័តករទូរគមនាគមន៍កម្ពុជា បានគ្រប់ពេល ក្នុងន័យរួមគ្នាលើកកម្ពស់ការធ្វើធុរកិច្ច ប្រកបដោយការទទួលខុសត្រូវនិងអនុវត្តទៅតាមលក្ខខណ្ឌអាជ្ញាបណ្ណ ដែលក្រុមហ៊ុនទទួលបាន ចៀសវាងការបំពាន ទៅដល់អាជ្ញាបណ្ណរបស់ប្រតិបត្តិករដទៃទៀត និងធានាបានថាប្រព័ន្ធទូរគមនាគមន៍ មានដំណើរការល្អប្រសើរ ដើម្បី បម្រើសេចក្តីត្រូវការជូនដល់សាធារណជន៕