(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលជាតិ ថ្នាក់នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក នៅនាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន៍ និងបច្ចេកវិទ្យានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។ ក្នុងពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក គីម យីដេក និងឧត្តមសេនីយ៍ឯក សុខ ចន្ធីរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ សុខ ផល ព្រមទាំងមានការចូលរួមពីឧត្តមសេនីយ៍ វរសេនីយ៍ ជាអនុប្រធាននាយកដ្ឋាន និងមន្រ្តីនគរបាលជាច្រើនរូបទៀត។ ការបំពាក់ឋានន្ដរស័ក្ដិនេះ ធ្វើឡើងទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានសម្រេចថា៖
- ប្រកាសមុខតំណែងចំនួន៤រូប
- បំពាក់ឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍១រូប វរសេនីយ៍ត្រី៥រូប អនុសេនីយ៍៣៣រូប អនុសេនីយ៍ទោ១៧រូប អនុសេនីយ៍ត្រី៩រូប ព្រិន្ទបាលឯក២រូប ព្រិន្ទបាលទោ១រូប និងពលទោ១រូប។
លោកឧត្តមសេនីយ៍ឯក គីម យីដេក បានសម្ដែងនូវការអបអរសាទរចំពោះលោក លោកស្រី ដែលទើបទទួលមុខតំណែង និងឋានន្ដរស័ក្ដិនាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ដែលតែងតែ គិតគូពីការខិតខំប្រឹងប្រែងរបស់មន្ដ្រីក្រោមឱវាទ។ ក្នុងឱកាសនោះដែរ លោកក៏បាន ណែនាំដល់មន្ដ្រីទាំងអស់នៃនាយកដ្ឋានជនបរទេស មិនមែនអន្ដោប្រវេសន៍ ក៏ដូចជាមន្ដ្រីទាំងអស់ត្រូវបន្ដការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អជាងនេះទៅទៀត ដើម្បីអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ៕