Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌច្បារអំពៅ ឃាត់រថយន្តដឹកខ្សាច់ធន់ធំ៣គ្រឿង ដែលល្មើសការណែនាំរបស់អាជ្ញាធរ

21-10-2021 17:14

(ភ្នំពេញ)៖ រថយន្តដឹកខ្សាច់ធន់ធំ៣គ្រឿង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងបំពានម៉ោងពេលធ្វើចរាចរត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យក្រុមការងារ ចុះចាប់ជាបន្ទាន់ យកមករក្សាទុកបណ្តោះអាសន្ន រង់ចាំការសម្រេចពីសាលារាជធានីភ្នំពេញ។

យុទ្ធនាការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅគ្រាដែលរថយន្តដឹកខ្សាច់ទាំង៣គ្រឿង បើកបរបំរុងឆ្លងស្ពានព្រះមុនីវង្ស ចូលមកក្នុងរាជធានីភ្នំពេញ។

លោក គុយ គឹមហៀង ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន និងសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យខណ្ឌ បានប្រាប់ថា ករណីចាប់រថយន្តដឹកខ្សាច់នេះ ធ្វើឡើងបន្ទាប់ពីអ្នកបើកបររថយន្តទាំង៣គ្រឿង បានបើកបរបំពានបំរាមហាមឃាត់របស់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ មិនឲ្យរថយន្តដឹកដី ដឹកខ្សាច់ធន់ធំ បើកឆ្លងកាត់ស្ពានព្រះមុនីវង្ស។

ដោយសារតែមិនអនុវត្តតាមការណែនាំនេះ ហើយទើបអាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការរដ្ឋបាល ឃាត់រថយន្តដឹកខ្សាច់ មករក្សាទុកបណ្តោះអាសន្ន ដើម្បីជាការព្រមានដល់ថៅកែរថយន្តដឹកខ្សាច់ ធ្វើអាជីវកម្មបែបបំផ្លាញ សម្បត្តិសាធារណៈរបស់រដ្ឋ ដូចជាផ្លូវជាដើម។

ចំពោះចំណាត់ការបន្តយ៉ាងណានោះ រង់ចាំការសម្រេចរបស់សាលារាជធានីភ្នំពេញ និងការសម្រេចរបស់លោកអភិបាលខណ្ឌច្បារអំពៅ ថាតើត្រូវរក្សាទុកប៉ុន្មានថ្ងៃ ផាកពិន័យឬមួយអោយម្ចាស់រថយន្តធ្វើកិច្ចសន្យា៕