(បន្ទាយមានជ័យ)៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្រ្ដីគរបាលចរាចរណ៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយអំពីគំនូសចរាចរណ៍ថ្មី ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់ នៅតាមផ្លូវបំបែកត្រង់ចំណុចរង្វង់មូលទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សុក ចាន់ថា បានបន្ដថា សម្រាប់គំនូសចរាចរណ៍ថ្មីនេះប្រជាពលរដ្ឋត្រូវយល់ដឹងឱ្យបានច្បាស់អំពីគំនូសចរាចរណ៍ទើបគូសហើយថ្មីឱ្យបានគ្រប់ៗគ្នា អំពីទិសដៅចរាចរណ៍ ដែលអ្នកបើកបរត្រង់ចំណុចបំបែកផ្លូវជាតិលេខ៥ ពីផ្លូវបំបែករង្វង់មូលទឹកថ្លាមកខេត្តបន្ទាយមានជ័យ និងពីផ្លូវបំបែករង្វង់មូលទឹកថ្លាមក ស្រុកមង្គលបូរី។

លោក សុក ចាន់ថា បានបញ្ជាក់ថា អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឱ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមកពី
កត្តាចំនួន៧គឺ៖

*ទី១៖ ការបើកហួសល្បឿនកំណត់ធ្វើឱ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន្យ
*ទី២៖ បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀននៅពេលអត់ងងុយខ្លាំងហេវ ហត់ខ្លាំង អនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព
*ទី៣៖ ការមិនគោរពសិទ្ធអាទិភាពនៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវដែលមានប្រសិទ្ធភាព
*ទី៤៖ បើកជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន
*ទី៥៖ មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍
*ទី៦៖ ការបត់ឆ្វេង ឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម
*និងទី៧៖ មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយជាបញ្ហដ៏ធំរបស់លោកអភិបាលខេត្ត។

បន្ថែមពីនេះ លោកបានឱ្យដឹងថា ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍មិនជារឿងការពិបាកនោះទេ។ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ឱ្យបានគ្រប់គ្នាទេនោះគ្រោះថ្នាក់ ដោយសារចរាចរណ៍ និងអាចកើនឡើងជាងមុន។

ប្រធានមន្ទីររូបនេះ បានគូសបញ្ជាក់ថា ការគោរពច្បាប់ចរាចរណ៍វាមិនពិបាកនោះទេពេលដែលយើងជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា មិនត្រូវបើកបរទាំងមានភាពស្រវឹងជៀសវាង ជិះម៉ូតូវ៉ាស្តាំចំ ព្រោះអ្នកដំណើរដែលជិះរថយន្តត្រូវដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវមុនចេញដំណើទោះជិត ឬឆ្ងាយក្តីដើម្បីសុវត្ថិតភាព។

ក្នងឱកាសនោះ លោក សុក ចាន់ថា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវចេះបើកបរមានការប្រុងប្រយ័ត្នពាក់មួកសុវត្ថិភាពជានិច្ចពាក់ខ្សែក្រវ៉ាត់ពេលបើកបរត្រូវជិះប្រកាន់ ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើង៕