Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន គ.ជ.ប ណែនាំក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់

21-10-2021 16:13

(កណ្តាល)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់ក្រុមចុះឈ្មោះបោះឆ្នោត និង ក្រុមប្រឹក្សាឃុំ-សង្កាត់ថា កបឃ.ស និង ក.ច.ប ត្រូវមានឆន្ទៈមោះមុតក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានារបស់ គ.ជ.ប ធ្វើយ៉ាងណាឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូនមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ធានាបាននូវបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព។

ការណែនាំបែបនេះរបស់លោក ប្រាជ្ញា ចន្ទ បានធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ក្នុងឱកាសដែលលោកបានចុះត្រួតពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់រកាខ្ពស់ ឃុំព្រែកគយ និងសង្កាត់សិត្បូ ដែលជាការិយាល័យចុះឈ្មោះបោះឆ្នោត នៅខេត្តកណ្ដាល។
ការចុះពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត របស់ប្រធាន គ.ជ.ប ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង ក៏ដូចជាបញ្ហាប្រឈមនានាក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ បានជួបប្រទះ (ជាពិសេសប្រជាពលរដ្ឋដែលមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។

នាឱកាសនោះដែរ លោក ប្រាជ្ញ ចន្ទ បានណែនាំយ៉ាងដូច្នេះថា៖ «ក្រុមចុះឈ្មោះបោះឆ្នោត និង ក្រុមប្រឹក្សាឃុំសង្កាត់ថា កបឃ.ស និង ក.ច.ប ជាតំណាងរបស់ គ.ជ.ប ក្នុងការអនុវត្តការងារការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវមានឆន្ទៈមោះមុតក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានារបស់ គ.ជ.ប ធ្វើយ៉ាងណាឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ធានាបាននូវបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព»

ប្រធាន គ.ជ.ប ក៏បានសំណូមពរផងដែរថា ធ្វើយ៉ាងណាត្រូវធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ។

សូមជម្រាបជូនផងដែរថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានទីតាំងនៅតាម សាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។

គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕