(ភ្នំពេញ)៖ ស្ត្រីម្នាក់តូចចិត្ត និងប្ដីសុំលែងលះ ហើយថែមទាំងវាយគាត់បណ្ដាលឲ្យរងរបួសជាំភ្នែក បានស្រែកយំ ហើយរត់មកដាក់ពាក្យបណ្ដឹង ដើម្បីសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ជួយអន្តរាគមន៍ដល់រូបគាត់ ប៉ុន្តែចុងក្រោយដោយសារតែចិត្តមិនដាច់ ពោលនៅតែស្រឡាញ់ប្ដី ពីព្រោះតែមិនចង់ឲ្យកូនស្រីកំព្រាឪពុក រួចក៏សម្រេចចិត្តលែងដាក់ពាក្យប្ដឹងលើប្ដីរបស់ខ្លួនទៅវិញ។
ស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានទាំងអួលដើម-កថា ស្វាម៉ីរបស់គាត់ដោយខឹង និងគាត់ សម្រាប់តែបានរត់ចេញពីផ្ទះ ជាច្រើនលើកច្រើនសារមកហើយ និងពេលនេះ បានរត់ចេញពីផ្ទះបាត់រយះពេល១ខែកន្លះឯណោះ។ គាត់មានការអាណិតអាសូដល់ស្វាម៉ី និងមិនចង់ឲ្យកូនកំព្រាឪពុក បានចំណាយពេលជាច្រើនថ្ងៃ ដើម្បីស្វែងរកស្វាម៉ី ហើយស្រាប់តែឃើញនៅបន្ទប់ជួលស្ថិតក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃសៅរ៍ទី១ ខែ មេសា ឆ្នាំ២០១៦ ពេលនោះក៏បានលួងលោមបបួលស្វាម៉ី ឲ្យត្រឡប់មកផ្ទះវិញ។ លុះមកដល់ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ បុរសជាប្ដីដោយមិនចោលគំនិតខូច បានទៅទិញស្រាថ្នាំចំនួន២ដបដើម្បីផឹក ហើយក្រោយពីផឹកស្រាថ្នាំ២ដបអស់ បុរសជាប្ដីមិនអស់ចិត្តបានទៅទិញស្រាបៀរខ្លាខ្មៅបន្ថែមចំនួន៨កំប៉ុងទៀត ដើម្បីផឹកឲ្យស្រវឹង។ បន្ទាប់ពីស្រវឹងស្រាជោគជាំបុរសជាប្ដីបានបញ្ចេញចរិករករឿងជេរប្រមាថ និងវាយស្ត្រីរងគ្រោះជាប្រពន្ធបណ្ដាលឲ្យរងរបួសជាំភ្នែក រួចបុរសជាប្ដីបានប្រើពាក្យសុំប្រពន្ធលែងលះគ្នាថែមទៀតផង ទើបបណ្ដាលឲ្យស្ត្រីរងគ្រោះ តូចចិត្តនិងប្ដីរបស់ខ្លួនធ្វើបាបជេរប្រមាថ និងវាយបណ្ដាលឲ្យរងរបួសនោះ ក៏បានសម្រេចមករកដាក់ពាក្យបណ្ដឹងសុំឲ្យ សមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែជួយអន្តរាគមន៍ដល់រូបគាត់ផង។ ប៉ុន្តែបន្ទាប់ពីស្ត្រីរងគ្រោះ បានអង្គុយសញ្ចឹបសញ្ជឹងម្នាក់ឯងគិតវែងឆ្ងាយមានការអាណិតអាសូរ ដល់កូនស្រីដើម្បីកុំឲ្យកំព្រាឪពុក ស្ត្រីរងគ្រោះបានសម្រេចចិត្តឈប់ប្ដឹងប្ដីរបស់ខ្លួន និងវិលត្រឡប់ទៅផ្ទះវិញតែម្ដងទៅ។
ស្ត្រីរងគ្រោះមានឈ្មោះ សុំ ឡាយ អាយុ៤៧ឆ្នាំ មានមុខរបរជាអ្នកអនាម័យនៅក្រុមហ៊ុនថ្នាំកសិកម្ម ដោយទទួលបានប្រាក់ខែត្រឹមតែ១០០$(មួយរយដុល្លារ)ប៉ុណោះក្នុង១ខែ ដើម្បីយកមកចិញ្ចឹមប្ដី និងកូនស្រី២នាក់រួម និងម្ដាយចាស់ជរាអាយុ៨៦ឆ្នាំ ហើយថែមទាំងមានជំងឺលើសឈាម។ រាល់ថ្ងៃរូបគាត់ស្នាក់នៅជាមួយប្ដីឈ្មោះ ព្រៀម សុវណ្ណា អាយុ៤៣ឆ្នាំ មានមុខរបរជាគ្រូបង្ហាត់សិល្បៈ នៅវប្បធម៌រុស្ស៊ី និងមានកូនស្រីម្នាក់ឈ្មោះ ព្រៀម វិសាខា អាយុទើបតែ៨ឆ្នាំ និងជាសិស្សរៀនថ្នាក់ទី២ រួមនិងកូនស្រីម្នាក់ទៀត អាយុ១៣ឆ្នាំ ដែលជាកូនរបស់ស្វាម៉ីមុន។ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅឯកម្ពុជាក្រោម។ ស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានទៀតថា រូបគាត់ជាស្ត្រីមេម៉ាយ បានលែងលះជាមួយស្វាម៉ីដើម រយៈពេល៧ឆ្នាំមកហើយ និងមានកូនប្រុសស្រីចំនួន៣នាក់ឯណោះ ក្នុងនោះមាន២នាក់បានរៀបអាពាហ៍ពិពាហ៍រួចរាល់ និងបានបែកគ្រួសាររស់នៅរៀងៗខ្លួន ចំណែកកូនស្រីម្នាក់ទៀតអាយុទើបតែ១៣ឆ្នាំ និងត្រូវជាកូនរបស់ស្វាម៉ីមុនរបស់គាត់។ ក្រោយពីលែងលះស្វាម៉ីដើមរយៈពេល៧ឆ្នាំ ស្ត្រីរងគ្រោះបានបញ្ជាក់ថា លុះមកដល់ឆ្នាំ២០០៨ គាត់បានស្គាល់ចាប់ដៃគ្នាជាប្ដីប្រពន្ធជាមួយស្វាម៉ី បច្ចុប្បន្នឈ្មោះ ព្រៀម សុវណ្ណា ដោយបានរួមរស់នៅជាមួយគ្នាមកទល់បច្ចប្បន្ននេះ រហូតបានកូនស្រីម្នាក់ឈ្មោះ ព្រៀម វិសាខា អាយុទើបតែ៨ឆ្នាំ ប៉ុណ្ណោះ។ ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា បើរាប់គិតពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៨ មកគឺជាថ្ងៃដែលរូបគាត់បានចាប់ដៃគ្នាជាមួយស្វាម៉ីថ្មី រហូតមកទល់បច្ចប្បន្ននេះ រូបគាត់ពុំដែលបានសប្បាយចិត្តឡើយ ព្រោះត្រូវបានស្វាម៉ីថ្មីធ្វើបាបផ្លូវចិត្តគាត់ដោយក្នុងមួយថ្ងៃៗមួយខែទល់មួយខែប្ដីរបស់គាត់ក្រោយចេញពីធ្វើការគិតតែពីផឹកស្រារករឿងអ្នកនៅក្នុងផ្ទះផ្អើលទាំងអ្នករស់នៅជិតខាង ថែមទៀតផង។ដោយឡែក ពេលរូបគាត់ជាប្រពន្ធបានហារស្ដីឲ្យស្វាម៉ី ដែលកំពុងស្រវឹងស្រានោះ ក៏ត្រូវប្ដីរបស់គាត់ជេរប្រមាថមើលងាយសព្វគ្រប់បែបយ៉ាង និងវាយគាត់បណ្ដាលឲ្យរងរបួសជាច្រើនលើកច្រើនសារណាស់មកហើយ បន្ទាប់ពីវាយគាត់រួចបុរសជាប្ដី បានរត់ចេញពីផ្ទះ និងបានក្លាយទៅជាទំនៀមទម្លាប់របស់ស្វាម៉ីរបស់គាត់ទៅហើយ។
ជាចុងក្រោយស្ត្រីរងគ្រោះសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេត្តាជួយដល់រូបគាត់ផងពីព្រោះរូបគាត់បច្ចប្បន្ន ត្រូវខិតខំប្រឹងប្រែងធ្វើការងារជាអ្នកអនាម័យទទួលបានប្រាក់ខែត្រឹមតែ១០០$(មួយរយដុល្លារ)ប៉ុណ្ណោះក្នុង១ខែ ដោយចិញ្ចឹមបីបាច់ថែរក្សាម្ដាយចាស់ជរាមានជំងឺ និងចិញ្ចឹមកូនស្រីចំនួន២នាក់ ដែលកំពុងសិក្សាដែលមិនអាចទីពឹងស្វាម៉ីបាន៕
Posted by Fresh News Photo on Thursday, April 7, 2016