(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមពេទ្យ ទាំងអស់ឲ្យយកចិត្តទុកដាក់បម្រើសេវាជូនអតិថិជន គោរពក្រមសីសធម៌ថ្លៃថ្នូរ ហើយមិនគិតលុយជាធំទេ ត្រូវប្រកាន់អាកប្បិរិយាសមរម្យ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ សង្គ្រោះអាយុជីវិតជាបន្ទាន់ ។
លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើការក្រើនរំលឹកបែបនេះ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលការបំរើសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ) ដែលកំពុងត្រូវបានកែទម្រង់យ៉ាងល្អប្រសើរនៅក្នុងការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៦។
លោក ម៉ម ប៊ុនហេង បានអញ្ជើញពិនិត្យកន្លែងធ្វើការងារដោយចាប់ផ្តើមពីកន្លែងផ្តល់ព័ត៍មាន កន្លែង សេវាបំរើអតិថិជន បន្ទប់សម្រាកព្យាបាល បន្ទប់លាងឈាម ។ លោកបានពិនិត្យមើលយ៉ាងយកចិត្ត ទុកដាក់ទៅលើភាពស្អាត និង អនាម័យ នៅក្នុងមន្ទីរពេទ្យដែលត្រូវបានកែលម្អ និង បំពាក់ទៅដោយសម្ភារៈព្យាបាលកាន់តែប្រសើរឡើង ពិសេសលោកបានចាប់អារម្មណ៍ទៅលើការបង្កើតថ្មីនូវកន្លែងលាងឈាម ដែលយកតម្លៃថោក ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាជំងឺក្រលៀន។
មន្ទីរពេទ្យព្រះសង្ឃជាមន្ទីរពេទ្យមួយដែលមានវ័យចំណាស់ជាងគេត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៥៦ ដូចនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានទ្រុឌទ្រោម ដែលត្រូវមានការជួសជុល និងកែលម្អឡើងវិញជាបន្តបន្ទាប់ ។ បើយោងតាមលោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យបានឲ្យថាមុននេះក្នុងមួយថ្ងៃមានអ្នកជំងឺប្រមាណជាង ២០នាក់បានចូលសម្រាកព្យបាលនៅក្នុ្ងងមន្ទីរពេទ្យហើយដែលភាគច្រើននោះ គឺអ្នកជំងឺដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែបន្ទាប់ពីមានការកែលម្អជាប្រចាំមកមន្ទីរពេទ្យមានអ្នកជំងឺចូលមកព្យាបាល មានការកើនឡើងជាបន្តបន្ទាប់។ ការព្យាបាលជាសំខាន់របស់មន្ទីរពេទ្យនេះ គឺជំនាញវះកាត់ប្រព័ន្ធឆ្អឹង និង វះកាត់ប្រព័ន្ធខួរក្បាល ក្រៅពីនេះនៅមានការព្យាបាលជំងឺទូទៅផងដែរ ។
នៅក្នុងឱកាសចុះពិនិត្យមើលមន្ទីរពេទ្យព្រះកុសមៈ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានថ្លែងកោតសរសើរចំពោះការខិតខំរបស់លោកប្រធានមន្ទីរពេទ្យ និងមន្រ្តីរាជការបុគ្គលិក មន្ទីរពេទ្យព្រះសង្ឃទាំងអស់ក្នុងការបំរើសេវ៉ាសុខភាពជូនប្រជាពលរដ្ឋបានល្អ៕