(ភ្នំពេញ)៖ Fresh News TV នឹងផ្សាយបន្តផ្ទាល់ ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ពីទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅម៉ោង ១៧៖៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅមុខព្រះបរមរាជវាំង។

ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីនេះ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជន ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ដើម្បីថ្វាយព្រះ សព្ទសាធុការពរថ្វាយព្រះមហាក្សត្រខ្មែរ សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា និង ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ សម្រាប់សេចក្តីរបស់ប្រជារាស្ត្រ ខ្មែរគ្រប់រូប។

ពិធីថ្វាយព្រះពរនេះ ក៏រៀបចំឡើងក្នុងគោលបំណងសម្តែងពីទឹកចិត្ត នៃក្តីស្រឡាញ់គោរព និងដឹងគុណចំពោះព្រះរាជគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់ព្រះមហាក្សត្រ ដែលព្រះអង្គបានលះបង់ព្រះកាយពល ក៏ដូចជាព្រះបញ្ញាញាណ ក្នុងការបម្រើជាតិមាតុភូមិ ប្រជារាស្ត្ររបស់ព្រះអង្គ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ព្រះអង្គគឺជាម្លប់ដ៏ត្រជាក់ ផ្តល់នូវសុខដុមរមនា ក្នុងសុខសន្តិភាព និងសេរី ភាពដល់ប្រជារាស្ត្រគ្រប់រូប។

ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងប្រព្រឹត្តទៅដោយមានការយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងដោយមានការសម្តែងសិល្បៈបុរាណ សម័យ បទចម្រៀង និងតន្រ្តីអម  ដោយការតុបតែងភ្លើងពណ៌នៅបរិវេណសួនច្បារមុខ ព្រះបរមរាជវាំង ព្រមទាំងការតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះរាជសម្មភាពនៅ សួនព្រះបរមរតនកោដ្ឋ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំ រួមនិងយុវជនមកពីរាជធានី-ខេត្ត ជាង ២,៥៦០នាក់ ក៏ អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ៕