(កំពង់ឆ្នាំង)៖ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការប្រជុំដាក់ផែនការ បន្ថែមដល់កងម្លាំងគ្រប់មូលដ្ឋាន នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធានារក្សា សន្តិសុខ សុវត្ថិភាពរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងបង្កបាននូវភាពសប្បាយរីករាយ ជូនដល់មហាជនប្រជាពលរដ្ឋមុននិងក្រោយ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។
កិច្ចប្រជុំនេះ សង្កត់ធ្ងន់លើការរឹតបណ្តឹងបន្ថែម នូវសុវត្ថិភាពចរាចរណ៍ តាមដងផ្លូវ សន្តិសុខ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់ សាធារណៈ នៅតាមទីប្រជុំជន វត្តអារាមនានានៅក្នុងខេត្ត ដើម្បីធ្វើឲ្យបទល្មើសផ្សេងៗ មានការថយចុះ ស្របតាមបទបញ្ជារបស់ អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ ស្តីពីវិធានការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងយោងតាមស្មារតីប្រជុំ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវផែនការ និងវិធានការសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជូនដល់ប្រជាពលរដ្ឋ មហាជន និងថ្នាក់ដឹកនាំ។ ក្នុងនោះ ស្នងការដ្ឋានបានចាត់កម្លាំងដើម្បីបង្កើនការត្រួតពិនិត្យបណ្តាគោលដៅសំខាន់ៗ កន្លែងប្រារព្វពិធីបុណ្យ និងកន្លែងកំសាន្តសប្បាយ របស់ប្រជាពលរដ្ឋ ដើម្បីបង្ក្រាបសកម្មភាពល្មើសបានទាន់ពេល។ សហការជាមួយកម្លាំងក្នុងភូមិសាស្ត្រ ចាត់វិធានការទប់ស្កាត់រាល់ អំពើល្មើស និងល្បែងស៊ីសងផ្សេងៗ ដែលនាំអោយខាតបង់ អន្តរាយទ្រព្យសម្បត្តិ ប៉ះពាល់ដល់កិត្តិយសផ្ទុយពីប្រពៃណីសេចក្តីថ្លៃថ្នូរ របស់ជាតិយើង។ កម្លាំង និងមធ្យោបាយចេញល្បាត នូវគោលដៅសំខាន់ៗ កន្លែងធ្លាប់មានបទល្មើស និងបង្ក្រាបរាល់សកម្មភាព និងក្មេងទំនើង។
ដោយឡែក សណ្តាប់ធ្នាប់សាធារណៈវិញ ស្នងការដ្ឋាន បានពង្រឹងកម្លាំងឈរជើង ការពារតាមគោលដៅសំខាន់ៗក្នុងខេត្ត ទីប្រជុំជន និងវត្តអារាមទាំងអស់ក្នុងទូទាំងខេត្ត ព្រមទាំងយកចិត្តទុកដាក់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរទៅមកនិងអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។ កម្លាំងបានចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ ក្នុងការបង្ការក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការដុតទៀន ធូប ភ្លើងជើងក្រាន ឬការប្រើប្រាស់គ្រឿងងាយឆេះផ្សេងៗដែលនាំឲ្យមាន អគ្គិភ័យឆេះផ្ទះសម្បែងគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
លោក ប្រាក់ វុទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ នៅក្នុងខេត្តទាំងមូលថា ត្រូវនាំគ្នាប្រុងប្រយ័ត្នកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរទាំងអស់ត្រូវ គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនកុំប្រមាថអាយុជីវិតអ្នកដទៃកុំបើកបរពេលមាន ជាតិស្រវឹងក្នុង ខ្លួនបើកបរត្រូវប្រកាន់ស្តាំ និងចេះយោគយល់អធ្យាស្រ័យគ្នាទើបអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍បាន៕