(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និង លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលទេយ្យវត្ថុ ដើម្បីរក្សាទុក ក្នុងការបន្តជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពីព្រះតេជគុណ ព្រះគ្រូរតនវិសាលមុនី ព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងព្រះតេជគុណ ព្រះកុសលរក្ខិតោ ព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក)។

ពិធីប្រគល់ និងទទួលទេយ្យវត្ថុនេះ បានរៀបចំប្រារព្ធឡើង ក្រោមព្រះវត្តមាន និងវត្តមានរបស់ព្រះតេជគុណ ព្រះអនុគណខណ្ឌ ព្រះចៅអធិការវត្ត តំណាងព្រះចៅអធិការ និងមន្ត្រីសង្ឃ នៃសាលាអនុគណខណ្ឌ ព្រះថេរានុថេរៈ និងលោក-លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា ព្រមទាំងមន្ត្រីសាលាខណ្ឌ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ ស្ថិតនៅស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ក្នុងពិធីប្រគល់ និងទទួលទេយ្យវត្ថុនេះដែរ លោក ឯក ឃុនដឿន តំណាងឱ្យអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ព្រមទាំងសន្យាជួយជនដែលងាយរងគ្រោះគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ដែលជាការរួមចំណែកលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការយកចិត្តទុកដាក់ដឹកនាំប្រកបដោយព្រហ្មវិហ៊ាធម៌ របស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា សម្រាប់ទេយ្យវត្ថុដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីព្រះតេជគុណ ព្រះគ្រូរតនវិសាលមុនី ព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងព្រះតេជគុណ ព្រះកុសលរក្ខិតោ ព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) រួមមាន៖ អង្ករ៣០បាវ, មី៣០កេស, ទឹកក្រូច២០កេស, ទឹកសុទ្ធ២០យួរ, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, ស្ករស១០០គ.ក, ទឹកដោះគោខាប់១០០កំប៉ុង, ត្រីខ៣០យួរ, គ្រឿងបរិក្ខារផ្ទះបាយ០៤សម្រាប់, និងបច្ច័យចំនួន ៤.០០០.០០០រៀល សរុបជាទឹកប្រាក់ចំនួន ១១,៨៩០,០០០ រៀល៕