(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមេសានេះថា នៅថ្ងៃម្សិលមិញ មន្ត្រីគយសាខាខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងរបស់លោក បានចុះប្រតិបត្តិការត្រួតពិនិត្យរថយន្ត ដែលដឹកទំនិញមិនប្រក្រតី ពិសេសទំនិញគេចពន្ធ នៅចំណុចផ្លូវជាតិលេខ៥ នៅក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្រាប់តែរកឃើញកាំភ្លើងប្រើហ្គាសចំនួន៣០ដើម។ សម្រាប់ជនសង្ស័យ និងវត្ថុត្រូវបានសមត្ថកិច្ចបង្ហាញមុខ នៅរសៀលថ្ងៃនេះ មុនបញ្ជូនឡើងតុលាការចាត់ការតាមច្បាប់។
លោក លោកឆែ សុធាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា កម្លាំងចំរុះក្រោយពីធ្វើការពិនិត្យរួច សម្រាប់តែបានរកឃើញកាំភ្លើងខ្លីទាំង៣០ដើម មានម៉ាករ៉ូឡូ១៣ដើម កាំភ្លើងខ្លីម៉ាកផ្សេងៗទៀត ចំនួន១៧ដើម បំពង់ហ្កាស២០ប្រអប់ និងគ្រាប់ប្រវែង ៤.៥មីលីម៉ែត្រចំនួន១០ប្រអប់ ស្មើនឹង២.៥០០គ្រាប់ និងបង់ចំនួន១១ និងគ្រាប់កាំភ្លើងរ៉ូឡូមានចំនួន៣៣៦គ្រាប់។
ក្រៅពីសមត្ថកិច្ចគយ ធ្វើការត្រួតពិនិត្យហើយនោះកាំភ្លើងទាំង៣០ដើម និងសម្ភារផ្សេងទៀតនោះត្រូវបាន ប្រគល់ទៅឲ្យអាវុធហត្ថចាត់ការទៅតាមនីតិវិធីច្បាប់។ នៅចំពៅះមុខកម្លាំងចំរុះអ្នកបើកបររថយន្តបានឆ្លើយសារភាពថា ខ្លួនជាអ្នកស៊ីឈ្នួលបើករថយន្តឲ្យគេមិនជាប់ពាក់ព័ន្ធ និងអាវុធទាំងអស់នេះឡើយ ទាល់តែម្ចាស់រថយន្តទើបជាប់ពាក់ព័ន្ធ និងកាំភ្លើងខ្លីទាំង៣០ដើមនេះពិតប្រាកដ។នៅពេលនេះ អាវុធហត្ថកំពុងស្វែងរកម្ចាស់រថយន្តឲ្យ ចូលមកបំភ្លឺអំពីករណីរឿងជួញដូរកាំភ្លើងនេះ បន្តទៀតផងដែរ៕