(កំពង់ឆ្នាំង)៖ ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ ព្រះគ្រូចៅអធិការវត្ត នៅក្នុងស្រុករលាប្អៀរ ដឹកនាំដោយព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មានុវឌ្ឍន៍ជាព្រះអនុគណស្រុករលាប្អៀរ ជាទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាព្រះអនុគណស្រុករលាប្អៀរ និងជាព្រះចៅអធិការវត្តព្រះវិហារហ្លួង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ចុះប្រគល់ជូនគ្រួសារ មានជីវភាព ខ្វះខាត ២គ្រួសារ ភូមិដកគ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការចូលរួមពីព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃ នាយក ជាព្រះចៅអធិការវត្តសម្ដេច នន្ទង៉ែត សែនជ័យសត្ថារាមហៅវត្ត ក្រឡាញ់ចាស់, ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្តបល្ល័ង្ក, ព្រះគ្រូសិរីធម្មវង្សា សេង ដា ព្រះចៅអធិការវត្តធម្មរតនសោភា-ទ្រា, និងព្រះសីលឧត្តមវង្សា សុត ឡាង និងមានការចូលរួមពីលោកមេឃុំពង្រផងដែរ។

មានសង្ឃដិកានាឱកាសនោះ ព្រះមេតិសត្ថា វង្ស កុសល រួមទាំងក្រុមការងារបានផ្តាំផ្ញើឱ្យគ្រួសាររងគ្រោះ ខិតខំថែទាំសុខភាពឱ្យបានល្អ បង្កើនមុខរបរប្រចាំថ្ងៃឡើងវិញ អប់រំកូនចៅឱ្យខិតខំ រៀនសូត្រ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះទាំង២គ្រួសារទទួលបានអំណោយរួមមានក្នុងមួយគ្រួសារទទួលបាន អង្ករ៤៥គីឡូក្រាម ទឹកត្រី១យួ ទឹកស៊ីវ១យួ និងសម្ភារៈផ្សេងៗមួយចំនួនទៀត រួមទាំងថវិកា ១៥០,០០០រៀលផងដែរ៕