Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា នឹងរងគ្រោះរាំងស្ងួត និងកំដៅខ្លាំងមិនចាញ់បណ្តាប្រទេសផ្សេងៗទៀត

07-04-2016 16:46

(ភ្នំពេញ)៖ មន្ត្រីបរិស្ថានបានថ្លែងថា កន្លងមកមានសារព័ត៌មានជាច្រើនបាន​រាយការណ៍ថា នៅឆ្នាំនេះប្រទេសកម្ពុជា នឹងជួបគ្រោះរាំងស្ងួតអូសបន្លាយ និងកំដៅខ្លាំង ពីព្រោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ។

លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងថា គ្រោះរាំងស្ងួតនេះ បាននឹងកំពុងតែរំខានដល់ ដល់ការងារកសិកម្ម សុខភាពមនុស្ស សត្វ និងអាចប៉ះពាល់ បន្តទៅដល់ជីវភាព របស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិ សម្រាប់បរិស្ថានរបស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹង នៅក្នុងពិធីបើការផ្សាយក្របខ័ណ្ឌជាតិ សម្រាប់ត្រួត ពិនិត្យ និងវាយ តម្លៃ ការប្រែប្រួលអាកាសធាតុ រៀបចំធ្វើនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ អាំងទែកុងឌីណង់តាល់ រាជធានីភ្នំពេញបានបង្ហាញថា សម្រាប់ឆ្នាំ២០១៥ និង ២០១៦នេះ គឺជាឆ្នាំដែលក្តៅខ្លាំងមិនធ្លាប់មានក្នុង រយៈពេល១៣៦ឆ្នាំ សម្រាប់ពិភពលោក។ សីតុណ្ហភាពមធ្យមលើដី និងផ្ទៃ សមុទ្រសម្រាប់ឆ្នាំ២០១៥ គឺខ្ពស់បំផុតក្នុងចំណោម ឆ្នាំទាំងអស់ដែលបានកត់ត្រា តាំងពីឆ្នាំ១៨៨០។

ការកើនកំដៅខ្លាំងនៅបណ្តាប្រទេស លើពិភពលោកនេះ ក៏អាចជាកត្តាមួយជះឥទ្ធិពល មកប្រទេសកម្ពុជាផងដែរ៕