(កណ្ដាល)៖ ហាងផឹកស៊ី និងហាងម៉ាស្សានៅក្រុងតាខ្មៅ និងតាមស្រុកផ្សេងទៀត នៅខេត្តកណ្តាល បាននិងកំពុងបើកដំណើរការ ដែលជាការបង្កើនហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ១៩ បំពានបំរាមរបស់អាជ្ញាធរខេត្ត។

សេចក្ដីរាយការណ៍បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ហាងផឹកស៊ី និងម៉ាស្សាទាំងនោះ បានបើកជាលក្ខណៈធម្មតា ក្រោមរូបភាពបន្លំភ្នែកថាលក់តែបាយធម្មតាប៉ុណ្ណោះ ប៉ុន្តែលួចបង្កប់លក់គ្រឿងស្រវឹង និងម៉ាស្សាផ្លូវភេទ ផ្ទុយនឹងបំរាមរបស់រាជរដ្ឋាភិបាល។

ទីតាំងហាងផឹកស៊ីខ្លះ លួចលាក់ដាក់ភ្ញៀវក្នុងបន្ទប់បិទជិត ដែលជាហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ១៩។

ប្រភពបានអះអាងទៀតថា ទន្ទឹមនឹងការលួចលាក់នេះដែរ ពួកគេបានបន្លំភ្នែកតែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែធាតុពិតម្ចាស់ហាងបានបង្កប់ការលក់គ្រឿងស្រវឹង ការដាក់នារីកំដរភ្ញៀវសម្រាប់កៀកកើយផ្ទុយពីវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល ហើយខ្លះជួបជុំគ្នាសប្បាយផឹកស៊ីគ្រឿងស្រវឹងយ៉ាងសប្បាយ។

កត្តានេះនាំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋដែលកំពុងភ័យខ្លាចនឹងការចម្លងវីរុសកូវីដ១៩ ដោយចាត់ទុកថា នេះជាការបំពានបំរាមរបស់អភិបាលខេត្តកណ្ដាល។

ប៉ុន្តែទោះយ៉ាងណា លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ភ្នាក់ងារ Fresh News ថា រដ្ឋបាលខេត្ត នឹងចាត់វិធានការលើករណីនេះ និងបន្តអំពាវនាវដល់សាធារណជនអនុវត្តន៍តាមវិធានសុខាភិបាល ឲ្យបានល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

គួរជម្រាបថា សម្រាប់អ្នកឆ្លងជំងឺវីដ១៩ នៅទូទាំងខេត្តកណ្ដាល មានចំនួនរាប់ម៉ឺននាក់ និងស្លាប់ជាង២០០នាក់ ហើយបច្ចុប្បន្នអត្រាដែលកំពុងសម្រាកព្យាបាលជំងឺនេះនៅសល់ច្រើននៅឡើយ រីឯហានិភ័យនៃការឆ្លង ក៏មានខ្ពស់ផងដែរ ខណៈដែលអភិបាលខេត្តកណ្ដាល តែងតែស្រែកអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការ «៣កុំ និង៣ការពារ» ឱ្យមានប្រសិទ្ធភាព ប៉ុន្តែមនុស្សមួយចំនួនមិនស្ដាប់តាមនោះឡើយ៕