(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានទទួលជំនួយជាម៉ាសចំនួន ២០ម៉ឺនសន្លឹក និងសម្លៀកបំពាក់សុវត្ថិភាពសម្រាប់គ្រូពេទ្យ ៥ពាន់ឈុត ពីក្រុមហ៊ុន International Cooperation and Development Fund (ICDF)។

ពិធីប្រគល់ និងទទួលនេះ អញ្ជើញចូលរួមដោយ លោក ឌួង អេលីត នាយកពិធីការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ទឹង ចាន់ណា អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាងឱ្យក្រុមហ៊ុន International Cooperation and Development Fund ដែលប្រព្រឹត្ដិទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោក ឌួង អេលីត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមហ៊ុន International Cooperation and Development Fund ដែលបានឧបត្ថម្ភនូវសម្ភារដ៏មានសារៈសំខាន់ និងចាំបាច់បំផុតនេះ មកដល់កាកបាទក្រហមកម្ពុជា ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការប្រតិបត្ដិការមនុស្សធម៌ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។

លើសពីនោះ កាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបណ្តាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត។ ចំពោះសម្លៀកបំពាក់សុវត្ថិភាពសម្រាប់គ្រូពេទ្យ កាកបាទក្រហមកម្ពុជា នឹងផ្តល់បន្តជូនដល់មន្ទីរពេទ្យ។

ទន្ទឹមនឹងនោះ លោក Chenta lin ក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដែលមានឱកាសដល់រូបលោក និងក្រុមហ៊ុន ពីតៃវ៉ាន់ បានចូលរួមចំណែកជាមួយកាកបាទក្រហកម្ពុជា ជួយដល់ប្រជាពលរដ្ឋ ហើយសង្ឃឹមថានឹងមានឱកាសជាបន្ដបន្ទាប់ទៀតផងដែរ៕