(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រៀបចំសន្និសីទកាសែតមួយ នៅម៉ោង ៣៖០០រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញការឃាត់ខ្លួន និងសាកសួរទៅលើ លោក ស៊ុត ឌីណា អគ្គរាជទូតខ្មែរប្រចាំនៅ ប្រទេសកូរ៉េខាងត្បូង។
លោក ឱម យ៉ិនទៀង បានលើកឡើងថា៖ លោក ស៊ុត ឌីណា ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស៖ ទី១៖ កិបកេងលុយខុសច្បាប់ និងទី២៖ រំលោភអំណាច នឹងអាចមានបទល្មើសផ្សេងទៀត ខណៈពេលនេះលោកកំពុងប្រឈមមុខ និងបទល្មើសដែលត្រូវចោទប្រកាន់ចំនួន២ ករណី ហើយលោកទេសរដ្ឋមន្រ្តី បានព្រមានថា អ្នកដែលធ្វើការផ្សព្វផ្សាយប្រឆាំង នឹងចំណាត់ការលើសំណុំរឿងលោក ស៊ុត ឌីណា អាចប្រឈមមុខនឹងបទ បរិហារហែកកេរ្តិ៍។
លោកទេសរដ្ឋមន្រ្តីប្រាប់ត្រួសៗ ថា លោក ស៊ុត ឌីណា មានដី១០កន្លែង និងផ្ទះប្រហែល២កន្លែង ហើយលោកនឹងសួរនាំទៅមន្រ្តីសូរិយោដី តាមខេត្ត តើលោក ស៊ុតឌីណា មានដីនិងទ្រព្យនៅទីណាទៀត ដើម្បីស្រួលធ្វើការទៀត។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា សាច់ប្រាក់របស់លោក ស៊ុត ឌីណា នៅក្រៅធនាគារមានចំនួន៧,២លានដុល្លារ ហើយលោកអះអាងថា ខាងអង្គភាពរបស់លោកមានឯកសារគ្រប់គ្រាន់ដែលអាចបង្ហាញជូនថាគាត់មានលុយទាំងនេះ។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា យើងរកឃើញសកម្មភាពដែលគាត់ចាយផ្ទាល់ខ្លួន៧៥០០ដុល្លារក្នុងមួយខែ និងសម្រាប់ស្ថានទូតជាង២ម៉ឺនដុល្លារ ក្នុងមួយខែ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការចាប់ខ្លួនមន្រ្តីក្រសួងការបរទេស២នាក់ កាលពីពេលថ្មីៗនេះ មិនមានការជាប់ពាក់ព័ន្ធជាមួយករណីលោក ស៊ុត ឌីណា នោះទេ គឺបទល្មើសខុសគ្នា។
លោកបានបន្តទៀតថា សម្រាប់មនុស្សមួយចំនួន ដែលបានសរសេរព័ត៌មាននៅតាមបណ្តាញសង្គម គឺជាមុខងាររបស់នគរបាលជាតិ ដែលពួកគេនឹងអាចដឹងពី Account ថា បានមកណា ដែលខាងនគរបាលមានសមត្ថភាពសម្រាប់ធ្វើកិច្ចការងារនេះ។ មានការបកស្រាយច្រើន សម្រាប់រឿងនេះ តែយើងយល់ឃើញថា ជាការបកស្រាយតាមអារម្មណ៍ ប៉ុន្តែឲ្យតែយើងមានឯកសារ គ្រប់គ្រាន់នោះយើង នឹងធ្វើហើយ។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា សាច់លុយទាំងនេះយើងមិនដឹងថា នៅកន្លែងណានោះទេ តែយើងនឹងតាមរកទៀត ពីព្រោះយើងមាន ឯកសារជាក់លាក់។
លោកទេសរដ្ឋមន្រ្តី បានព្រមានចំពោះមន្រ្តីផ្សេងទៀតថា បើសិនមានការប៉ះពាល់ និងមានពាក្យបណ្តឹងនោះយើង នឹងចាប់ផ្តើមធ្វើហើយ។ លោកទេសរដ្ឋមន្រ្តីថា សម្រាប់ករណីនេះ លោកសុំមិនបញ្ចេញអត្តសញ្ញាណអ្នកដែលប្តឹង ហើយអ្នកដែលប្តឹងគឺ នៅតែសុំឲ្យលោកលាក់ ហើយតាមច្បាប់គឺ តម្រូវឲ្យលោកលាក់អត្តសញ្ញាណអ្នកបណ្តឹងទាំងនោះ។
លោកទេសរដ្ឋមន្រ្តី បានដកស្រង់សំដី លោក ស៊ុត ឌីណា បានប្រកាសនៅកូរ៉េថា «អញជាអ្នកទម្លាក់ ហោ ណាំហុង»។
លោក ឱម យ៉ិនទៀង បានឆ្លើយជាមួយអ្នកកាសែតករណីរឿងលោក កឹម សុខា គឺអង្គភាពរបស់លោកបានបើកស្រោមសំបុត្ររបស់លោក កឹម សុខា រួចហើយ។ សម្រាប់ទ្រព្យសម្បត្តិរបស់លោក កឹម សុខា ថា មានប៉ុន្មាននោះ លោកទេសរដ្ឋមន្រ្តី មិនទាន់អាចឆ្លើយបានទេ ពីព្រោះលោក កឹម សុខា មានអភ័យឯកសិទ្ធិ ដូច្នេះត្រូវធ្វើការបន្តទៀត។
សូមជំរាបថា លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានមកដល់ប្រទេសកម្ពុជា ហើយបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦៕