(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្តលើកកម្ពស់វិស័យវប្បធម៌ និងសិល្បៈ អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតនេះ។

លោកស្រីរដ្ឋមន្ត្រីអំពាវនាវបែបនេះ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ (The 17th SOMCA) និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យវិប្បធម៌ និងសិល្បៈ នាទីស្តីការក្រសួង។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

លោកស្រី ភឿង សកុណា បានថ្លែងថា «ដើម្បីបន្តការងាររបស់យើង, ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ២០២០-២០២២ ខ្ញុំចង់រំលឹកឡើងវិញនូវសំណើរបស់ខ្ញុំ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី៩ (The 9th AMCA) ក្រោមប្រធានបទ "ផលប៉ះពាល់នៃកូវីដ១៩ និងដំណើរឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ" សម្រាប់ឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (SOMCA) ដើម្បីពង្រឹង ការចែករំលែកនូវការអនុវត្ត ព័ត៌មាន ចំណេះដឹង និងបទពិសោធល្អៗ ទាន់ពេលវេលា ស្តីពីការការពារការត្រួតពិនិត្យ និងដំណោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ នៅក្នុងវិស័យវប្បធម៌ និងវិស័យសិល្បៈ»

«ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំនោះ ខ្ញុំបានស្នើឱ្យសហគមន៍សិល្បៈ ស្ថាប័ន និងសិល្បករសិល្បការិនី រៀបចំ និងសម្របខ្លួនទៅនឹងស្ថានភាពថ្មីដោយឆ្ពោះទៅមុខ ដោយគាំទ្រគ្នាទៅវិញទៅមកទាំងធនធាន បច្ចេកទេស និងសម្ភារៈ ក្នុងកំឡុងពេលមានជំងឺរាតត្បាត»។ នេះបើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌។

បើតាមលោកស្រី ភឿង សកុណា, ចំណុចដែលបានរៀបរាប់ខាងលើ រួមទាំងតម្រូវការដែលកំពុងលេចឡើងទាន់ពេលវេលា ដើម្បីលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រឌិត និងសម្របខ្លួន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចវប្បធម៌ និងច្នៃប្រឌិត, គួរតែជាប្រធានបទនៃការពិភាក្សានៅក្នុងកិច្ចប្រជុំ។ លោកស្រីសង្ឃឹមថាកិច្ចប្រជុំ SOMCA លើកទី១៧ និងកិច្ចប្រជុំ SOMCA ជាមួយដៃគូសន្ទនា នឹងក្លាយជាការពិភាក្សាប្រកបដោយផ្លែផ្កាក្នុងស្មារតីប្រពៃណីនៃសាមគ្គីភាព និងមិត្តភាពអាស៊ាន។

សូមជម្រាបថា កិច្ចប្រជុំខាងលើ ពិគ្រោះពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖

១៖ ពិនិត្យលើវឌ្ឍនភាពការងារ នៃកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យវប្បធម៌ និងសិល្បៈ រួមមាន ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វិស័យវប្បធម៌និងសិល្បៈ ឆ្នាំ២០១៦-២០២៥ ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ាន ក្នុងបរិបទនៃការរីករាលដាលនៃជំងីកូវីដ សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២ និងបញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន។

២៖ អង្គប្រជុំនឹងពិនិត្យលើឯកសារមួយចំនួន រួមមាន សេចក្តីព្រាងសេចក្ដីប្រកាសសៀមរាប ស្តីពីការលើកកម្ពស់ការច្នៃប្រឌិត និងសម្របខ្លួនទៅនឹងសហគមន៍អាស៊ាន ដើម្បីគាំទ្រដល់វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការបង្កើតមជ្ឈមណ្ឌលសម្រាប់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត វេទិកាធុរកិច្ចនវានុវត្តអាស៊ាន គំនិតផ្ដួចផ្ដើមរបស់កម្ពុជាសម្រាប់សកម្មភាពវប្បធម៌ អាស៊ានឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ សេចក្តីព្រាងផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយ ដៃគូសន្ទនាអាស៊ាន រួមមាន អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូងលើវិស័យវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២២-២០២៥ និងវេទិកាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា៕