(ភ្នំពេញ)៖ ភាគីចិនកំពុងពិចារណា លើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យរ៉ែ ថាមពល និងប្រេងកាត តាមការស្នើសុំរបស់ភាគីកម្ពុជា ក្រៅពីនោះក៏កំពុងពិនិត្យ មើលលើការសាងសង់ មន្ទីរសិក្សាស្រាវជ្រាវ និងពិសោធន៍រ៉ែ នាពេលអនាគត ខណៈដែលភាគីកម្ពុជាបាន ត្រៀមរៀបចំទីតាំងសម្រាប់ការសាងសង់នេះរួចជាស្រេច។
នេះគឺជាលទ្ធផលនៅក្នុងជំនួប ពិភាក្សាការងារ រវាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយលោក លី-អាន (Li An) កុងស៊ុលផែ្នកសេដ្ឋកិច្ច និង ពាណិជ្ជកម្មនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងរ៉ែ និងថាមពល។
ជាមួយគ្នានេះ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យរ៉ែ ថាមពល និងប្រេងកាតផងដែរ៕