(ភ្នំពេញ)៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលា ភូមិន្ទរដ្ឋបាល ដែលដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងបានឯកភាពគ្នាលើ គោលការណ៍សំខាន់ៗ ចំនួន៤ចំណុច។

ភាគីទាំង២បានឯកភាពគ្នាលើគោលការណ៍ដូចជា៖ ផ្លាស់ប្តូរសិស្ស និស្សិត កម្មសិក្សាការី មន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក, អនុវត្តគម្រោងសហ ប្រតិបត្តិការ ស្រាវជ្រាវរួមគ្នា, ការចូលរួម និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា, ផ្លាស់ប្តូរព័ត៌មាន និងសម្ភារបរិក្ខារផ្នែកសិក្សាអប់រំផ្សេងៗ សហការបណ្តុះបណ្តាល រួមគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងទៀតតាមការឯកភាពគ្នា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមអធិបតីលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីមន្ត្រីពាកព័ន្ធជាច្រើនរូប។

លោក ហឿន សំនៀង បានរាយការណ៍ អំពីដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានគោលបំណងបណ្តុះបណ្តាលកូនខ្មែរ ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌អត្តចរិក ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិ កង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន ផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវ លើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគតរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកស្រី ឥម នីថារ៉ា បានឱ្យដឹងដែរថា ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចប្រែក្លាយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពង្រីកវិសាលភាពផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងកម្រិតមធ្យមបច្ចេកទេសឧត្តមសិក្សា និងក្រោយឧត្តមសិក្សាលើជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។

លើកឡើងក្នុងឱកាសនោះដែរលោក យក់ ប៊ុនណា បានបញ្ជាក់ដែរថា សាលាភូមិន្ទរដ្ឋបាល ក៏បានបណ្តុះបណ្តាលសិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ ក៏ដូចជា មន្ត្រីថ្មីដែលបានជ្រើសរើសនៅតាមក្រសួងស្ថាប័ន ដើម្បីបម្រើការងារក្នុងវិស័យរដ្ឋបាល។ ទន្ទឹមនឹងនេះសាលាភូមិន្ទរដ្ឋបាលក៏កំពុងបន្តការស្រាវជ្រាវ និងចងក្រងករណី សិក្សា ដើម្បីចែករំលែកចំណេះដឹងនៅក្នុងវិស័យសាធារណៈ និងបានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌ ផ្តល់អាហារូបករណ៍បណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្ត្រីរាជការផងដែរ។

សូមបញ្ជាក់ដែរថា និស្សិតជំនាន់ទី១របស់វិទ្យាស្ថាន មាន១៩១នាក់ កំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣ រួមមាន៖ ១៖ ដេប៉ាតឺម៉ង់ សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រុះទឹកកខ្វក់, ២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោកជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, និងដេប៉ាតឺម៉ង់នាវាចរណ៍ លើជំនាញបរិបាល នាវា និងម៉ាស៊ីននាវា៕