(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ៣០០ធុង ទៅដល់ពលរដ្ឋដែលរស់នៅលើដងផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានស្អាតក្នុងសហគមន៍ ព្រោះថាសហគមន៍ស្អាតផ្តើមចេញពីយើង។

លោក បណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែង៖ «ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរដល់ការផ្តល់ត្រលប់ទៅសង្គមវិញ ជាពិសេសខណ្ឌដង្កោ ដោយសារក្រុមហ៊ុនស្ថិតក្នុងទឹកដីនេះ ហើយមិនភ្លេចពីសហគមន៍នៅក្បែរខ្លួនឡើយ។ ក្រុមហ៊ុនមិនមែនត្រឹមតែធ្វើការឧបត្ថម្ភធុងសំរាមនោះទេ យើងនឹងបន្តគម្រោងជួយត្រលប់ទៅសង្គមវិញជាច្រើនទៀត »។

គួរបញ្ជាក់ផងដែរថា ធុងសំរាមទាំង ៣០០ ធុង ត្រូវបានរៀបចំចាត់ចែងជូនទៅដល់ពលរដ្ឋ ដែលរស់នៅលើដងផ្លូវនៅក្នុងខណ្ឌដង្កោចាប់ពីស្តុបស្ពានដែកចំការដូងរហូតដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាការសម្រួលទៅដល់ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ពលរដ្ឋ ជាពិសេសលើកកម្ពស់អនាម័យនៅលើដងផ្លូវ៕