(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញឱ្យរដ្ឋបាលឃុំទាំង១៣នៃស្រុកមួយនេះ ត្រូវបង្កើនយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាការចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។

លោក សាយ គឹមឡម បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំឯកភាពរដ្ឋបាលស្រុកនៅសាលាស្រុកស្ទោង ដែលមានការចូលរួមពីអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបី និងមេឃុំទាំង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

គួរជម្រាបថា ស្រុកស្ទោងមានឃុំទាំងអស់ចំនួន ១៣ រួមមាន ឃុំម្សាក្រង ឃុំពាមបាង ឃុំកំពង់ចិនជើង ឃុំកំពង់ចិនត្បូង ឃុំប្រឡាយ ឃុំពពក ឃុំសំព្រោច ឃុំចំណាលើ ឃុំចំណាក្រោម ឃុំបន្ទាយស្ទោង ឃុំព្រះដំរី ឃុំទ្រា និងឃុំរុងរឿង។

លោកបានជំរុញឱ្យរដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ដូចជា ការផ្តល់សេវាប្រកបដោយតម្លាភាព ឆាប់រហ័ស និងជឿជាក់ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលងាយរងគ្រោះឱ្យទាន់ពេលវេលា។

លើសពីនេះ លោក សាយ គឹមឡម ក៏បានឲ្យអាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងទាំងបី ត្រូវក្តាប់ព័ត៌មានសន្តិសុខសុវត្ថិភាពតាមមូលដ្ឋាន និងសន្តិសុខឱ្យបាន ដើម្បីឆ្លើយតប ឬបង្ក្រាបបទល្មើស និងជួយជនរងគ្រោះបានទាន់ពេលវេលា។ លោកបានឱ្យមន្ត្រីគ្រប់រូបខិតខំបន្តអនុវត្តកិច្ចការបស់ខ្លួនតាមតួនាទីភារកិច្ច និងវិន័យការងារឱ្យបានល្អថែមទៀត។

លោកអភិបាលស្រុកបានរំលឹកដល់លោក-លោកស្រីជាមេឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវបន្តប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ កុំបន្ធូរដៃឡើយ ដរាបណាកូវីដនៅតែមានវត្តមាននៅលើផែនដីនេះ ពិសេសអនុរវត្តវិធាន «៣ការពារ ៣កុំ» ឱ្យបានជាប់ជាប្រចាំ៕