(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការទាំងអស់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក មួន សារ៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់ ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយបង្កើតរបស់លោក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ មានសេចក្ដីក្ដុកក្ដួល និងសោកស្ដាយជាអនេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឧបាសិកា ម៉ឺន ថុន នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១៖២៦នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឧបាសិកា ម៉ឺន ថុន គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ដែលជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្តល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញាវន្ត។

នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរន្ធត់ចិត្តនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ម៉ឺន ថុន សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕