(សៀមរាប)៖ ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំនេះ មានភាពល្អប្រសើរ ដោយមិនសូវមានអ្នករិះគន់ដូចឆ្នាំមុនទេ ស្របពេលដែលទីធ្លា ខាងក្នុងត្រូវបានរៀបចំបានជាង ៩០ភាគរយហើយ នៅលើទឹកដីអង្គរខេត្តសៀមរាប គិតត្រឹមថ្ងៃ០៧ ខែមេសា ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់ពី លោក សោម រតនា អ្នកនាំពាក្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។
កាលពីឆ្នាំមុន ខ្លោងទ្វារអង្គរសង្រ្កាន្ត ត្រូវមហាជនរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម Facebook អំពីការរៀបចំរចនាបថ រហូតដល់បណ្ដាលឲ្យមានលួចដុតបំផ្លាញក្លោងទ្វារនេះ ចោលថែមទៀត។ ប៉ុន្តែឆ្នាំនេះ ការរិះគន់ នៅលើបណ្តាញសង្គមទៅលើខ្លោងទ្វារនេះ មិនមាននោះទេ ផ្ទុយទៅវិញមានតែការស្ងើចសរសើរយ៉ាងច្រើន តាមរយៈការ Like និងការShare ក្នុងបណ្ដាញសង្គម Facebook។
លោក សោម រតនា បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទថា ក្រុមការងាររបស់លោកបាន និងកំពុងខិតខំប្រឹងប្រែងរៀបចំធ្វើយ៉ាងណា ដើម្បីឲ្យភ្ញៀវដែលទៅទស្សនាកម្មវិធីអង្គរសង្រ្កាន្តនេះ សប្បាយរីករាយប្រកបដោយក្ដីពេញចិត្ត និងចូលរួមផ្ដល់គំនិតយោបល់កែប្រែស្ថាបនា នៃការរៀបចំនេះ ក៏ដូចជាការតប់តែងក្លោងទ្វារចូល កុំឲ្យដូចឆ្នាំមុន ដែលមានការលួចដុតក្លោងទ្វារ បង្កឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋយើង។
ចំពោះការចំណាយក្នុងការរៀបចំអង្គរសង្រ្គាន្តឆ្នាំនេះ លោក សោម រតនា មិនទាន់អាចបញ្ជាក់បានទេនៅថ្ងៃនេះ ប៉ុន្តែលោកថាការចូលរួមភាគច្រើន សុទ្ធតែជាការស្ម័គ្រចិត្តពីក្រុមយុវជន ហើយវត្តមាននៃការចូលរួមរបស់អ្នកចូលទស្សនាកម្មវិធីអង្គរសង្រ្កាន្តនេះ ប្រហែលជាកើនជាងឆ្នាំមុនច្រើន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី សម្រាប់អបអរដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ បុណ្យអង្គរសង្ក្រាន្តនេះ មិនមានរៀបចំអន្សមយក្សដូចឆ្នាំមុនទេ ប៉ុន្តែមានរៀបចំបង្អែមនៃក្តីស្រឡាញ់។ ក្រៅពីនោះ ស.ស.យ.ក ក៏រៀបចំព្រឹត្តិការណ៍ជាច្រើនទៀតដូចជា កម្មវិធីទាញព្រ័ត្រមិត្តភាព លេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ មហោស្របសិល្បៈបុរាណ ពិព័រណ៌សិប្បកម្ម និងវត្ថុអនុវស្សាវរីយ៍ ការប្រណាំងរទះគោ ក្របី និងកម្មវិធីកម្មវិធីដ៏ទាក់ទាញមួយចំនួនទៀតជាដើម៕