រដ្ឋបាលខេត្តកំពង់ចាម បាញ់ថ្នាំសម្លាប់មេរោគ និងសម្អាតវិទ្យាល័យសីហនុ ដើម្បីឱ្យសិស្សចូលរៀនវិញ
19-10-2021 12:45
(កំពង់ចាម)៖ លោក អ៊ុំន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការរៀបចំសម្អាតបាញ់ថ្នាំសម្លាប់មេរោគ វិទ្យាល័យ សីហនុ ប្រគល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡា ដាក់ដំណើរការឱ្យសិស្សចូលរៀន។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានផ្ទេរអ្នកជំងឺកូវីដ១៩ កម្រិតស្រាល យកទៅព្យាបាលនៅមន្ទីរពេទ្យថ្មី ស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម ដើម្បីយកវិទ្យាល័យសីហនុនេះ ប្រគល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡា ដាក់ដំណើរការឱ្យសិស្សចូលរៀនវិញ ក្រោយពេលរៀបចំនិងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់។
មន្ត្រីដដែលបានបញ្ជាក់ថា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ ក្នុងការរៀបចំសម្អាត ពិសេសការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងវិទ្យាល័យសីហនុ ដើម្បីជាទំនុកចិត្ត មុនពេលអនុញ្ញាតឱ្យសិស្សចូលរៀនវិញ នៅដើមខែវិច្ឆិកា ខាងមុខនេះ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយ ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១,០០០នាក់៕