(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ ធ្វើឲ្យ២នាក់បងប្អូនស្លាប់នៅនឹងកន្លែង ក្នុងនោះបណ្តាលឲ្យរងការខូចខាតរថយន្តមួយគ្រឿងទៀតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ឈុំ ធារាជ អាយុ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្តរបស់ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកឯរងគ្រោះទាំង២នាក់មានឈ្មោះ អ៊ែល ពិន អាយុ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទី ម៉ឺនចំណាន អាយុ២៥ឆ្នាំ។ អ្នកទាំង២នាក់ មានមុខរបរមុខរបរកម្មករសំណង់ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនថែស្ងួត សូ ងួន បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-2778 ធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក។

ភ្លាមៗនោះស្រាប់តែរថយន្តបង្កបានរេចង្កូតមកស្ដាំដៃទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9690 ជិះគ្នា ២នាក់ ស្របទិសគ្នាបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅខាងក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក ឲ្យមកវាស់វែងយករថយន្តបង្ក និងរថយន្ត ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា។ រឺឯជនបង្កត្រូវឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕