(បន្ទាយមានជ័យ)៖ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជូនប្រជាពលរដ្ឋចំនួន១២៦គ្រួសារ ដែលរងគ្រោះធ្ងន់ស្រាលដោយសារខ្យល់កន្ត្រាក់ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ដែលការផ្តល់ជូនអំណោយដល់ដៃពលរដ្ឋរងគ្រោះ ធ្វើឡើងនៅក្នុងឃុំទួលពង្រ និងឃុំបឹងបេងស្រុកម៉ាឡៃ។
សូមរំលឹកថា ស្រុកម៉ាឡៃបានទទួលរងគ្រោះ ពីបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ ចំនួនពីរលើកធ្វើឲ្យប្រជាពលរដ្ឋ ក្នុងឃុំចំនួនបីស្មើនឹង១២៦គ្រួសារ បានទទួលរងគ្រោះដោយរលំផ្ទះ របើកដំបូល និងរន្ទះបាញ់ក្នុងនោះសាលារៀនមួយខ្នង។
ថ្លែងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរងគ្រោះ លោក អ៊ុយ សំអាត នាយកដ្ឋានថ្នាក់កណ្តាល កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរ និងចូលរួមសោកស្តាយ ចំពោះការរងគ្រោះដោយបាតុភូតធម្មជាតិនេះ។
លោកបានបន្តថា ការលំបាកទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋយើងគឺជាក្តីកង្វល់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ក្តីកង្វល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយទីណាដែលប្រជាពលរដ្ឋមានការលំបាកវេទនា រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិផ្សេងៗ ពិសេសរងគ្រោះទីនោះ តែងមានកាកបាទក្រហមកម្ពុជា។ អំណោយថ្វីត្បិតតែតិចតួច តែវាពិតជាបានជួយសំរាលនូវការលំបាក របស់បងប្អូនបានមួយរយៈពេលផងដែរ។
លោកបានផ្តាំផ្ញើរទៅកាន់ពលរដ្ឋថា ចំណុចសំខាន់ៗ ពេលឈឺប្រញាប់ទៅពេទ្យ អ្នកជម្ងឺអេដស៍ប្រញាប់ទៅរកគ្រូពេទ្យដើម្បីទទួលថ្នាំព្យាបាល និងហាមរើសអើមអ្នកមានផ្ទុកជម្ងឺអេសដ៍ ផ្លូវនេះស្អាតត្រូវណែនាំកូនចៅមិនត្រូវឲ្យដើរលេងក្បែរផ្លូវជាតិ អាចគ្រោះថ្នាក់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យនៅតៀមស្រាយូរពេក ក្រោមដើមឈើ ប្រញាប់មកផ្ទះ បញ្ជៀសអំពើហិង្សាក្នុងគ្រួសារ ការប្រែប្រួលអាកាសធាតុចូលយើងទាំងអស់គ្នាប្រុងប្រយ័ត្ន យើងដឹងហើយថា បច្ចុប្បន្ននេះអាកាធាតុប្រែប្រួលយ៉ាងខ្លាំង ដូច្នេះហើយយើងត្រូវប្រើប្រាស់ទឹកសន្សំសំចៃ ការប្រើប្រាស់ទឹក៕