(សៀមរាប)៖ គ្រឹះស្ថានសិក្សារបស់រដ្ឋកម្រិតមធ្យមជាង ៤០សាលា ក្នុងខេត្តសៀមរាប បានចាប់ផ្តើមបើកដំណើរការសាកល្បងហើយ។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យមចំនួន ៤៤សាលា ស្ថិតនៅក្នុងស្រុកចំនួន៨ ក្នុងខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរធំ និងស្រុកក្រឡាញ់ បានបើកដំណើរការឲ្យបង្រៀន និងរៀនសាកល្បងជាផ្លូវការហើយ ខណៈសាលាកម្រិតបឋមសិក្សាចំនួន ១២៩សាលា គ្រោងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែតុលាខាងមុខនេះដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើក ដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនខេត្ត បានរៀបរាប់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជម្រាបដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ឲ្យធ្វើការពិចារណា និងគិតគូរឲ្យបានហ្មត់ចត់។

រដ្ឋបាលខេត្តសៀមរាប បានសម្រេចបង្កើតគណៈកម្មការ ត្រួតពិនិត្យ និងវាយតម្លែការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានលោក ទៀ សីហា អភិបាលខេត្ត ជាប្រធាន និងមានលោក លោកស្រី ជាអភិបាលរងខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ថា្នក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងអភិបាលក្រុង ស្រុក ជាអនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា មុននឹងយើងបើកសាលារៀនវិញនៅថ្ងៃនេះ បានឆ្លងកាត់ដំណាក់កាលនៃការត្រួត ពិនិត្យនិងវាយតម្លៃជាច្រើនករណី ទី១៖ បើកនៅតាមសាលានៃបណ្ដាស្រុកដែលមានហានិភ័យទាប ដោយអនុវត្តការរៀន តាមបណ្ដុំ មិនលើសពី ១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និងផ្ដល់អាទិភាពដល់ សិស្សថ្នាក់ទី៩ និងទី១២ សម្រាប់តំបន់មានហានិភ័យមធ្យម, ទី២៖ ពិនិត្យលទ្ធភាពលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវតែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា និងទី៣៖ ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀននៃស្រុកមួយចំនួនដែលបានដាក់ពាក្យស្នើសុំស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវមានទីកន្លែងសម្រាប់លាងដៃនឹងសាប៊ូ លាងដៃ នឹងអាល់កុល ការត្រួតពិនិត្យកម្ដៅ និងសិស្សានុសិស្ស ត្រូវពាក់ម៉ាស់ឲ្យគ្រប់ៗគ្នា និងគ្រប់ពេលវេលាជាប្រចាំ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា កន្លងមកនេះ បើទោះជាការបង្រៀន និងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀន និងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំ របស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ផងដែរ។ ដូច្នេះការបើកសាលា រៀនឡើងវិញនៅថ្ងៃនេះ មានវិទ្យាល័យចំនួន ១៤កន្លែង និងអនុវិទ្យាល័យចំនួន ៣០កន្លែង ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់ ហើយលក្ខខ័ណ្ឌ ឬវិធានការសម្រាប់ដំណើរការបើកសាលារៀនឡើងវិញ គឺគណៈកម្មការ ឬអាជ្ញាធរមូលដ្ឋាន ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ត្រូវតែពិនិត្យស្ថានភាពនៅតាមតំបន់នីមួយៗ។

លោកប្រធានមន្ទីរបានបន្តទៀតថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ខណៈការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកញ្ញាឆ្នាំ២០២០ នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែម ស្តីពីស្តង់ដាអនាម័យការអនុវត្តវិធានការ «៣ការពារ ៣កុំ» ការចាក់វ៉ាក់សាំង បង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងការធ្វើតេស្តសំណាកគ្រូបង្រៀន មុនបើកសាលាបង្រៀនសិស្សជាដើម ហើយដើម្បីឲ្យដំណើរការសិក្សានេះប្រកបដោយភាពរលូន។ ការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាលរបស់សិស្ស ក្នុងការត្រួតពិនិត្យសុខភាព និងសកម្មភាពរបស់កូនខ្លួនឯង គឺជាផ្នែកមួយដែលមានសារៈសំខាន់ជាទីបំផុត។

សូមបញ្ជាក់ផងដែរ ក្នុងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀត ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០កន្លែង សាលាបឋមសិក្សាចំនួនជាង ៥១៤កន្លែង មានអនុវិទ្យាល័យចំនួន ៨២កន្លែង និងមានវិទ្យាល័យ ចំនួន ៤១កន្លែង៕