(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោក មួន ឌីណា និង លោក មួន

វាសនាសមាជិក ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សនៅប្រទេសកាណាដា ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាលោកយាយបង្កើត។ នេះបើតាមលិខិតរបស់លោក ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែតុលានេះ។

លិខិតរបស់លោក ហ៊ុន ម៉ាណែង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល យើងខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង ជូនចំពោះ លោក មួន ឌីណា និង លោក មួន វាសនា សមាជិកក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សនៅប្រទេសកាណាដា អំពីដំណឹងនៃការបាត់បង់ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាលោកយាយបង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១:២៦ នាទីរំលងអាធ្រាតក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ឧបាសិកា ម៉ឺន ថុន គឺការបាត់បង់នូវអ្នកម្តាយ អ្នកម្តាយក្មេក ជីដូន និងជីដូនទួត ជាទីគោរពស្រឡាញ់បំផុតរបស់កូនៗ ចៅៗ ព្រមទាំងក្មួយៗ ដែលជាម្លប់ផ្តល់នូវភាពកក់ក្តៅក្នុងក្រុមគ្រួសារ ប្រកបទៅដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងការបីបាច់ថែរក្សា និងអប់រំទូន្មាន បុត្រា បុត្រី ចៅៗ និងក្មួយៗ ឲ្យក្លាយទៅជាពលរដ្ឋល្អរបស់សង្គម។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួល រំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុត ជាមួយលោក មួន ឌីណា និង លោក មួន វាសនា ព្រមទាំងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ឺន ថុន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត ក្លាយជាបការៈដទៃឡើយ»