(ភ្នំពេញ)៖ វិទ្យាស្ថានអន្តរជាតិដើម្បីបរិស្ថាន និងការអភិវឌ្ឍហៅកាត់ថា IIED សហការជាមួយ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចាប់ផ្តើមរៀបចំក្របខណ្ឌការត្រួតពិនិត្យ និងវាយតម្លៃ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសុខាភិបាល ដើម្បីជួយ ដល់ការសម្រេចចិត្តក្នុងការ រៀបចំគោលនយោបាយ និងការវាស់វែងសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ ទាំងការបន្សុំា និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចាក់។
ពិធីនេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារ អាំងទែកុងឌីណង់តាល់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។
លោក ទិន ពន្លក អគ្គលេខាធិកាក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានថ្លែងនៅក្នុងពិធីបើកការផ្សាយក្របខណ្ឌជាតិសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ ការប្រែប្រួលអាកាសធាតុនេះថា ការរៀបចំក្របខណ្ឌការត្រួតពិនិត្យ និងវាយតម្លៃត្រូវតែបន្ស៊ីគ្នាជាមួយក្របខណ្ឌជាតិ ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ និងងាយស្រួល តាមដានការរីក ចំរើននៃកិច្ចខិតខំប្រឹងប្រែង។ ការងារត្រួតពិនិត្យ និងវាយតម្លៃនេះ ខាង IIED បានសាកល្បងត្រួតពិនិត្យ និងអនុវត្តរួចរាល់ហើយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
កន្លងមករដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលសូចនាករប្រែប្រួលអាកាសធាតុនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ មានគោលដៅធានាថាមួយផ្នែកនៃគោល បំណងអភិវឌ្ឍន៍ជាតិ នឹងត្រូវបានសម្រេចនៅក្នុងបរិបទប្រែប្រួលអាកាសធាតុ។
គួរកត់សំគាល់ថា ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កំពុងតែខិតខំប្រឹងប្រែងលើការងារទាក់ទងនឹងការកាត់បន្ថយ ការប្រែប្រួល អាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដោយសារថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួល អាកាសធាតុដែលអាចរំខានដល់ការងារកសិកម្ម សុខភាពមនុស្ស សត្វ និងអាចប៉ះពាល់ បន្តទៅដល់ ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ៕