(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប បានចេញពួនស្ទាក់ក្នុងភូមិសាស្ត្ររបស់ខ្លួន រហូតឈានទៅដល់ការឃាត់ខ្លួនយុវជនប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់ ជាបន្តបន្ទាប់និងដកហូតថ្នាំញៀនម៉ាទឹកកកចំនួន៤កញ្ចប់ រួមនិងមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យមានម៉ូតូចំនួន៤គ្រឿងផងដែរ។
ក្នុងប្រតិបត្តិការខាងលើត្រូវបានធ្វើឡើងនៅវេលាម៉ោង៩៖យប់ ថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុចលើកំណាត់ ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារលោក ឯក សេរីវុធ បានឲ្យដឹងថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទាំង៨នាក់ ទី១. ឈ្មោះ ញឹម សុធា អាយុ១៩ឆ្នាំ មានមុខរបរជាកម្មករសំណង់ ទី២. ឈ្មោះ សឿន ស្រេង អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ ជនសង្ស័យទាំង២នាក់ខាងលើស្នាក់នៅការដ្ឋានបុរីប៉េងហួត ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទី៣. ឈ្មោះ លី មករា អាយុ២០ឆ្នាំ មានមុខរបរជាគ្រឿងចក្រ ទី៤. ឈ្មោះ គាង គឹមហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរនៅផ្ទះ ទី៥. ឈ្មោះ ស្រៀង ជន អាយុ៣១ឆ្នាំ មានមុខរបរជាសំណង់ ទី៦. ឈ្មោះ វន វ័ន្ត អាយុ២១ឆ្នាំ មានមុខរបរជាងសំណង់ ជនសង្ស័យទាំង៤នាក់ខាងលើស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ទី៧. ឈ្មោះ សៀង គឹមហេង អាយុ២២ឆ្នាំ មានមុខរបរនៅផ្ទះ ទី៨. ឈ្មោះ យិន វណ្ណា អាយុ២០ឆ្នាំ មានមុខរបរនៅផ្ទះ ជនសង្ស័យទាំង២នាក់ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតក្នុងភូមិរកាកោង១ ឃុំព្រែកជ្រៅ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
លោកឯក សេរីវុធ បានឲ្យដឹងទៀតថា ខណៈដែលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ៦A បានប្រទះឃើញជនសង្ស័យមានបក្ខពួក៨នាក់ ជិះម៉ូតូ៤គ្រឿងដោយសមត្ថកិច្ចមានការសង្ស័យ បានធ្វើការឃាត់និងឆែកឆេរបានរកឃើញគ្រឿងញៀន នៅនិងខ្លួនបក្ខពួកជនសង្ស័យទាំងនោះចំនួន៤កញ្ចប់ ដែលបានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នា ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿងផងដែរ៕
លោកអធិការរងខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទាំង៨នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបណ្ដោះអាសន្នដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនខ្លួនបន្តទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
Posted by Fresh News Photo on Wednesday, April 6, 2016